សល់​តែ​ជាង​៣​ឆ្នាំ​ទៀត រថភ្លើង​ល្បឿន​លឿន​របស់​ថៃ នឹង​បើក​ដំណើរការ​ហើយ

  • 2019-09-04 08:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​រថភ្លើង​ល្បឿន​លឿន​រវាង​ថៃ និង​ចិន ដែល​មាន​ចម្ងាយ​ផ្លូវ ៨៧៣​គីឡូម៉ែត្រ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២៣​ខាង​មុខ។ យ៉ាង​ណា​មិញ ជា​ជំហាន​ដំបូង ថៃ​នឹង​បើក​ឲ្យ​ដំណើរការ​ផ្នែក​ទី​១​សិន ដែល​មាន​ចម្ងាយ ២៥២​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ទីក្រុង​បាងកក ទៅ​កាន់​ទីក្រុង Nakhon Ratchasima ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស។ រថភ្លើង​នេះ​មាន​ល្បឿន​អតិបរមា ២៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Thaiger នៅ​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា ឆ្នាំ​២០១៩។

រូបតំណាង
​ប្រភព​ដដែល បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ផ្នែក​ទី​២​វិញ វា​នឹង​ត​ភ្ជាប់​ពី​ទីក្រុង Nakhon Ratchasima ទៅ​កាន់​ខេត្ត Nong Khai ដែល​នៅ​ជាប់​ព្រំដែន​ឡាវ។ បន្ទាប់​មក​គឺ​ភ្ជាប់​ពី​ឡាវ​ទៅ​កាន់​ចិន​តែ​ម្ដង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កាលបរិច្ឆេទ​នៃ​ការ​បើក​ដំណើរការ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នោះ​ទេ។

ថវិកា​ដែល​ថៃ​ត្រូវ​ចំណាយ​លើ​គម្រោង​រថភ្លើង​ល្បឿន​លឿន​នេះ​មាន​ចំនួន​សរុប ១៧៩​ពាន់​លាន​បាត ឬ​ស្មើ​នឹង​ជាង ៥,៨​ពាន់​លាន​ដុល្លារ​អាមេរិក។ ភាគី​ចិន​នឹង​ជួយ​ថៃ​ទៅ​លើ​ផ្នែក​រចនាបថ ព្រមទាំង​ការ​ផ្គត់ផ្គង់​រថភ្លើង ក៏​ដូចជា​ទូ​រថភ្លើង​ជា​ដើម។ ការ​បង្កើត​ឡើង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន ដើម្បី​ឆ្លង​កាត់​អាស៊ី​អាគ្នេយ៍ ដែល​នឹង​ត​ភ្ជាប់​ទីក្រុង Kunming របស់​ចិន ទៅ​កាន់​ប្រទេស​សិង្ហបុរី។

ក្រុមហ៊ុន​ផ្លូវ​ដែក​រដ្ឋ​ស្ដីទី​នៃ​ប្រទេស​ថៃ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣​កញ្ញា​ថា កិច្ចសន្យា​ខាង​លើ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ជំហាន​បញ្ចប់ ហើយ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​មុន​ដំណាច់​ឆ្នាំ​២០១៩។ ​គម្រោង​នេះ​ធ្លាប់​បាន​ពន្យារ​ពេល​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៦ ​នៅ​ពេល​ដែល​ថៃ​បាន​បដិសេធ​ហិរញ្ញប្បទាន​របស់​ចិន ដោយ​លើក​ឡើង​ពី​អត្រា​ការ​ប្រាក់​ខ្ពស់​នៅ​ក្នុង​កិច្ចសន្យា​ដើម។

ក្នុង​កិច្ចសន្យា​ថ្មី​នេះ ថៃ​ក៏​កំពុង​ស្នើ​ឲ្យ​​មាន​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ផង​ដែរ​រវាង​ព្រលាន​យន្តហោះ​សុវណ្ណភូមិ ​ព្រលាន​យន្តហោះ Don Mueang និង​ព្រលាន​យន្តហោះ U-Tapao៕

ប្រភព៖ The Thaiger ប្រែសម្រួល៖ ឈាង

អត្ថបទថ្មី
;