អ៊ីចឹងសោះ បាន​ផ្លូវជាតិ​លេខ៣ ​ដុន​ដាប​ដល់​ម្លឹង

  • 2019-09-09 01:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាល​ពីថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ដ្រីបច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង អញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​ផ្លូវលេខ​៣៣ និង​ផ្លូវជាតិ​លេខ​៣ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ដោយមាន​ការចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង មន្ដ្រី​បច្ចេកទេស ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនខេត្តកែប និង​ខេត្តកំពត។

បន្ទាប់ពី​ភ្លៀងធ្លាក់ជោគជាំ​អស់រយៈពេល​ជាច្រើនថ្ងៃកន្លងមកនេះ បាន​ធ្វើឱ្យផ្លូវជាតិលេខ៣ និងផ្លូវលេខ៣៣ ទទួលរង​នូវការគំរាមកំហែង​ដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យផ្លូវ​ទាំងនេះមានការខូចខាត​យ៉ាងដំណំ​ជាច្រើនកន្លែង។

គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មាន​ខេត្តចំនួន ១១ ដែល​ទទួលរងនូវ​ទឹកជំនន់​ដោយសារ​ភ្លៀងធ្លាក់​យ៉ាងខ្លាំង​ជាច្រើនថ្ងៃ បង្កឱ្យ​មានការ​ខូចខាត​ផ្លូវចំនួន​៣៦ខ្សែ សរុប​ប្រវែង ៦០​គីឡូម៉ែត្រ ក្នុងនោះ​ក៏មាន​ខេត្តកែប និង​ខេត្ត​កំពត​ផងដែរ។

ថ្លែង​នៅក្នុង​ឱកាស​ចុះពិនិត្យ​ស្ថានភាព​ផ្លូវ​រងការ​ខូចខាត​នាពេល​នោះ លោក​ទេសរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ថា៖ ផ្លូវមាន​ការខូចខាត​ដោយសារ​កត្តា​អាកាសធាតុ ដោយសារ​មានភ្លៀង​ធ្លាក់​ជោគជាំ​ជាច្រើនថ្ងៃ តំបន់ខ្លះ​មានប្រភេទ​ដីទន់ (ដីស្អុយ) ការដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ បានធ្វើឱ្យ​ផ្លូវឆាប់​ទទួលរង​ការ​ខូចខាត។ សម្រាប់​កំណាត់ផ្លូវជាតិលេខ៣ (កំពត -វាលរេញ) ត្រូវបាន​ធ្វើការ​សិក្សា​បច្ចេកទេស​ឡើងវិញ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង ដោយ​ចាក់ថ្មគ្រឹះ និង​លើក​តួផ្លូវ​កម្ពស់ ០,៨ម៉ែត្រ​បន្ថែម​ទៀត។

លោក​បាន​បន្ត​ថា ក្រសួង​នឹងបញ្ចេញ​គ្រឿងចក្រធ្វើការ​ជួលជុល​បន្ទាន់ បន្ទាប់​ពីទឹកភ្លៀង​ឈប់ធ្លាក់ ដើម្បីឱ្យ​បងប្អូនប្រជាពលរដ្ឋ​មានការងាយ​ស្រួល​ក្នុងការ​ធ្វើ​ដំណើរ។

ជាមួយ​គ្នានេះ បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាងសង់ ស្រោចទឹក​លើផ្លូវឱ្យ​បាន​ញឹកញាប់ ក្នុងអំឡុងពេល​សាងសង់ ដើម្បី​កាត់បន្ថយ​ការហុយ​ធូលី​ដីដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលអាច​បង្ក​ឱ្យកើត​មាន​ជំងឺ​ផ្សេងៗ និង​ជាពិសេស​អាច​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​ក្នុងពេល​ធ្វើដំណើរ។

លោក​ទេសរដ្ឋមន្ដ្រី បានសំណូមពរ​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​មានការយោគយល់​អធ្យាស្រ័យ ចំពោះការ​ហុយធូលី ការកកស្ទះ​ចរាចរណ៍ និង​ពិបាក​ធ្វើដំណើរ​ក្នុងពេល​សាងសង់ និងសូម​កុំបន្ត​ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់ ដែល​បណ្ដាល​ឱ្យផ្លូវ​ឆាប់​ខូចខាត នាំឱ្យខាត​បង់​ថវិកា​ជាតិ។

សូម​បញ្ជាក់ផងដែរ​ថា៖ ផ្លូវនេះ​នឹងត្រូវធ្វើការជួសជុល​ឱ្យបានរួចរាល់​នៅក្នុង​ខែធ្នូ ចុងឆ្នាំ​២០១៩នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍ធំៗ​ចំនួន​២ គឺពិធីបុណ្យ​សមុទ្រជុំទី៣ នៅ​ខេត្តកំពត ចាប់ពី​ថ្ងៃទី២៧ ដល់ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ និង​ពិធីប្រណាំង​កង់​អន្តរជាតិ ចាប់ពី​ខេត្ត​កោះកុង ឆ្ពោះទៅ​ខេត្តកែប ដែលប្រទេសកម្ពុជា​ ធ្វើជាម្ចាស់ផ្ទះ​នៅខែ​មករា ឆ្នាំ​២០២០៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;