មន្ទីរពេទ្យ​គន្ធបុប្ផា ធ្វើបុណ្យ​​រំលឹក​ខួប​មរណភាព​លោក បេអាត រិចឈ្នឺរ

  • 2019-09-09 02:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែលត្រូវ​ជាថ្ងៃ​ខួប​គម្រប់ ១ឆ្នាំ​នៃការ​ទទួល​មរណភាព​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ មន្ទីរពេទ្យ​គន្ធបុប្ផា​ និងមូលនិធិគន្ធបុប្ផា​បានប្រារព្វ​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិសកុសល​ជូនចំពោះ​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ នៅ​សៀមរាប និង​នៅភ្នំពេញ។

ពិធីបុណ្យ​បានប្រារព្ធ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ នាថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ដែល​នៅទីនោះ​មានចេតិយ​តម្កល់​នូវអដ្ឋិធាតុ​របស់​លោក នៅមុខ​មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយ​មាន​ការចូលពី​សំណាក់​បុគ្គលិក​មន្ត្រី​រាជការ និងថ្នាក់ដឹកនាំ មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ និងតំណាង​មូលនិធិ​គន្ធបុប្ផា​ស្វីស Dr Denis Laurent និងការ​និមន្ត​ចូលរួម​ដោយជ្រះថ្លា​ពីព្រះសង្ឃ​ជាង ៤០០​អង្គ នៅមន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ក៏បាន​ប្រារព្ធ​ពិធីបុណ្យ​ទក្ខិណានុប្បទាន គម្រប់ខួប១ឆ្នាំ​នេះផងដែរ នៅរសៀលថ្ងៃសៅរ៍ទី៧ និងព្រឹកថ្ងៃអាទិត្យទី៨ ខែកញ្ញាឆ្នាំ២០១៩ តាម​គន្លងប្រពៃណី​ព្រះពុទ្ធសាសនា ដោយមានការ​ចូលរួមជាអធិបតីនៃលោក​សាស្ត្រាចារ្យ រដ្ឋលេខាធិការ ធា គ្រុយ និងវត្តមាន​អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផាស្វីស មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងបុគ្គលិកមន្រ្តីរាជការនៃមន្ទីរពេទ្យទាំងមូល។

លោក​សាស្រ្តាចារ្យ បេអាត រិចឈ្នឺរ បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ។ លោកគឺជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប តាំងពីឆ្នាំ១៩៩២។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនគ្រប់ទិសទីទាំងក្នុងប្រទេស និងក្នុងប្រទេសស្វីស បច្ចុប្បន្ន មន្ទីរពេទ្យមួយនេះ​បាននិងកំពុងទទួលការព្យាបាលកុមារកម្ពុជាច្រើនលើសលប់ទូទាំងប្រទេស ដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងឥតរើសអើង។ លោកបាន​ចំណាយពាក់​កណ្តាល​ជីវិតចុងក្រោយជាង២៥ឆ្នាំក្នុងបុព្វហេតុសុខមាលភាពកុមារកម្ពុជា។ គុណូបការៈរបស់លោក ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នេះហើយ ដែលប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជា បានចងចាំទុកក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបាន៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុក Dr. Beat Richner

អត្ថបទថ្មី
;