សម្តេច ស ខេង៖ បុគ្គល​និង​សារព័ត៌មាន​មួយ​ចំនួន បំភ្លើស​ថា ខ្ញុំ​រារាំង​ពលរដ្ឋ​មិន​ឱ្យទៅ​ធ្វើបុណ្យ

  • 2019-09-18 02:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ឱ្យដឹងថា មាន​បុគ្គល និង​សារព័ត៌មាន​​មួយចំនួន​ បាន​បំភ្លើសថា សម្តេច​បាន​រារាំង​ប្រជាពលរដ្ឋ​ក្នុងការធ្វើបុណ្យទាន អំឡុងបុណ្យភ្ជុំបិណ្ឌនេះ។

នៅលើ​ទំព័រហ្វេសប៊ុក​សម្តេច​ក្រឡាហោម​ដែលបង្ហោះនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៩ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖

«កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំព្រះករុណា​ខ្ញុំបាន​ផ្ញើសារ​សំឡេង ទៅ​អភិបាល​រាជធានី​ខេត្ត ណែនាំ​ឲ្យ​ខិតខំ និង​គ្រប់គ្រង​សភាពការណ៍ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យភ្ជុំបិណ្ឌ ដោយមិនបាន​បញ្ជាឲ្យ​រារាំង ឬគៀប​សង្កត់​ប្រជាពលរដ្ឋ​ណាម្នាក់​មិនឲ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើយ។ ប៉ុន្តែមាន​បុគ្គល និង​សារព័ត៌មាន​មួយចំនួន​ដែលមាន​និន្នាការ​ប្រឆាំង បាន​យក​ទៅធ្វើអាជីវកម្ម បកស្រាយ​បំភ្លើស និងមួល​បង្កាច់​ក្នុងន័យថា​ខ្ញុំព្រះករុណា បានរារាំង ឬគៀបសង្កត់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ទៅវិញ។ នេះជាចេតនា​អាក្រក់​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំមិន​ទទួល​យកបានឡើយ។ ក្នុង​នាម​ជាអ្នក​ទទួលខុសត្រូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ប្រទេសជាតិ​ខ្ញុំព្រះករុណា​ខ្ញុំមាន​សិទ្ធិ និងកាតព្វកិច្ច​តាមផ្លូវច្បាប់​ក្នុងការដាក់​ចេញបទ​បញ្ជា​ ដើម្បី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈសម្រាប់​គ្រប់ព្រឹត្តិការណ៍​នានា»។

ជាមួយគ្នានេះ សម្តេច ស ខេង​ បន្ថែម​ថា សម្តេច​មានសិទ្ធិ​ចេញបញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ក្នុងការ​គ្រប់គ្រង​សភាពការណ៍ ហើយសកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ បំផុសឲ្យមាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុងជាតិ ឈានទៅផ្ដួល​រំលំរាជរដ្ឋាភិបាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;