ទូតជប៉ុនថ្មី ប្ដេជ្ញាជំរុញ​អ្នក​វិនិយោគ និង​ទេសចរ​ឱ្យ​មក​កម្ពុជាកាន់​តែ​ច្រើន​

  • 2019-10-10 08:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាថា​នឹង ជួយ​ជំរុញ​អ្នក​វិនិយោគ និង​ភ្ញៀវទេសចរ​ឱ្យមកវិនិយោគ និងទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ការ​លើក​ឡើង​នេះ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាល​ថ្ងៃទី០៩ ខែតុលា នៅស្ដីការក្រសួងទេសចរណ៍។

រូបភាព៖​ ក្រសួងទេសចរណ៍
ក្រោយបញ្ចប់ជំនួបពិភាក្សា លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានឱ្យដឹងថា «លោក ថោង ខុន និង លោក MIKAMI Masahiroបានកត់សម្គាល់អំពីការអភិវឌ្ឍ និង​ការវិវត្តថ្មីៗលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាក់ស្តែងកាលពី ឆ្នាំ២០១៨កន្លងមក ក្នុង​ចំណោមភ្ញៀវទេសចរអន្តរជាតិ ៦លាន២សែននាក់ មាន​ភ្ញៀវ​ទេសចរជប៉ុនជាង ២០ម៉ឺននាក់ ដោយ​ឡែក​សម្រាប់៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរជប៉ុនសរុប ១៤ម៉ឺននាក់ ហើយ​ភ្ញៀ​ទេសចរ​ជប៉ុន​នៅ​តែ​ជា​ភ្ញៀវ​ទេសចរ​ដែល​មាន​កំណើន​សម្រាប់​តំបន់ខេត្តសៀមរាប»។

បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជា​ពិសេស​ក្រុង​សៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏​ដូច​ជា​បទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។ ព្រម​ជា​មួយ​នឹង​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើវិស័យទេសចរណ៍កាន់តែច្រើន។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូតថ្មីរបស់ជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ក៏​ដូច​ជា​ជំរុញ​ឲ្យអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែមទៀត ពិសេសជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;