ស្ដេច kickboxing អ៊ីតាលី Petrosyan និយាយយ៉ាងខ្លី ក្រោយឈ្នះ ១លានដុល្លារពី ONE
- 2019-10-14 04:36:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេច kickboxing អ៊ីតាលី Petrosyan និយាយយ៉ាងខ្លី ក្រោយឈ្នះ ១លានដុល្លារពី ONE
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ kickboxing អ៊ីតាលី Giorgio Petrosyan បានទទួលប្រាក់រង្វាន់ ១លានដុល្លារ និងបានក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix ក្រោយយកឈ្នះអ្នកប្រដាល់បារាំង Samy Sana ដោយពិន្ទុជាឯកច្ឆ័ន្ធ ក្នុងព្រឹត្តិការណ៍ ONE: CENTURY PART II នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី១៣ ខែតុលា។
“ខ្ញុំមិនគិតពីប្រាក់រង្វាន់ ១លានដុល្លារនេះទេ។ អ្វីដែលខ្ញុំគិត គឺការឈរនៅចំណាត់ថ្នាក់លេខ១។ ជំហានបន្ទាប់របស់ខ្ញុំ គឺនៅតែមិនផ្លាស់ប្ដូរ ពោលគឺខ្ញុំនឹងបន្តហ្វឹកហាត់ឲ្យខ្លាំង ដើម្បីរក្សាតំណែងលេខ១ នេះ បន្តទៀត"។
គួររំលឹកផងដែរថា Petrosyan បានបំបាក់កីឡាករថៃ ២រូប មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ គឺឈ្នះ Phetmorakot Petchyindee Academy ដោយពិន្ទុ នាវគ្គ ៨នាក់ចុងក្រោយ និងឈ្នះ Jo Nattawut ក្នុងទឹកទី១ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកជើងឯក Grand Prix ២ទៀតរបស់ ONE Championship ក៏ត្រូវបានរកឃើញ ក្នុងព្រឹត្តិការណ៍ ONE: CENTURY ផងដែរ។ អ្នកលេងគុនចម្រុះអាមេរិក Demetrious Johnson បានឈ្នះខ្សែក្រវាត់ ONE Flyweight World Grand Prix ក្រោយយកឈ្នះកីឡាករហ្វីលីពីន Danny Kingad ដោយពិន្ទុជាឯកច្ឆ័ន្ធ ចំណែកកីឡាករវ័យក្មេងសិង្ហបុរី Christian Lee បានក្លាយជាម្ចាស់ជើងឯក ONE Lightweight World Grand Prix ក្រោយឈ្នះជើងខ្លាំងរុស្ស៊ី Saygid Guseyn Arslanaliev ដោយពិន្ទុជាឯកច្ឆ័ន្ធដូចគ្នា។
ក្រៅពីគូផ្ដាច់ព្រ័ត្រ Grand Prix ក៏មានការប្រកួតដណ្ដើមខ្សែក្រវាត់ ៤គូផងដែរ នៅក្នុងព្រឹត្តិការណ៍ ONE: CENTURY៕
ចុចអាន៖ មកដឹងលទ្ធផលរបស់ម្ចាស់ខ្សែក្រវាត់ ONE ទាំង ៤ ដែលប្រកួតនៅជប៉ុន