ចិន សន្យា​ផ្ដល់​ជំនួយ ៨៤លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារ​ជាតិ​កម្ពុជា​នៅ​ឆ្នាំ ២០២០

  • 2019-10-24 02:13:48
  • ចំនួនមតិ 4 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ


ក្រសួងការពារជាតិ នៃប្រទេសចិន បានសន្យាផ្ដល់ជំនួយចំនួន ៨៤លានដុល្លារ សម្រាប់​វិស័យ​ការពារជាតិ​កម្ពុជា​នៅឆ្នាំ២០២០។ ការសន្យានេះ បានធ្វើឡើងដោយថ្នាក់ដឹកនាំចិន ក្នុង​ឳកាស​ដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ នៅប្រទេសចិន ពីថ្ងៃទី ១៨-២២ ខែតុលា ឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ច សម្តេចពិជ័យសេនា ទៀ បាញ់ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធីបើក​ការ​ប្រកួត​កីឡា​យោធាពិភពលោកលើកទី៧ និងវេទិកាយោធា «សៀងសាន ប៉េកាំង លើកទី៩» ដែល​ចូល​រួម​ដោយ​ថ្នាក់​រដ្ឋមន្ត្រី, ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ និងក្រុម ជំនាញប្រឹក្សាយោធាកំពូល ដែលគេបាន អញ្ជើញ​ពី ១០០ប្រទេសដើម្បីចូលរួម។

សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងដំណើរវិលត្រឡប់មកដល់រាជធានីវិញ កាលពីរសៀលថ្ងៃទីទី២៣ ខែតុលា បាន​ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា រដ្ឋាភិបាលក្រុងប៉េកាំង តាមរយៈ​ក្រសួងការពារជាតិ នៃប្រទេសចិន បានសន្យាថា នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ទ្វេដង​ដល់​វិស័យ​ការពារ​ជាតិកម្ពុជា សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ គិតជាទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹង ៨៤លានដុល្លារ។

សម្តេចពិជ័យសេនា​បានថ្លែងថា សម្តេច និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បាន​ចុះហត្ថលេខា​បន្ថែមលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។ ហើយ​បានពិភាក្សាគ្នា​ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើ​បញ្ហា​សន្តិសុខ​ទាំង​ក្នុង​តំបន់ និងពិភពលោក ផងដែរ។

ប្រមុខការពារជាតិកម្ពុជា ក៏​បាន​ចាត់​ទុក​ជំនួយ​ឥតសំណង​ដែល​រដ្ឋាភិបាល​ចិន​បាន​ជួយ​លើ​វិស័យ​ការពារ​ជាតិ គឺ​ជាការបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីកម្ពុជា–ចិន កាន់​តែ​រឹងមាំ​និង​ជិតស្និទ្ធ​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ទំនាក់ទំនងរវាងប្រទេសទាំង២ប្រៀបបានដូចជាដែកថែបហើយនោះ៕

អត្ថបទ៖ កុសល

;