រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ជប៉ុន​ ទទួលស្គាល់កំហុស ហើយ​សុំ​លាលែងចេញពី​តំណែង​

  • 2019-10-25 03:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មជប៉ុន លោក Isshu Sugawar ដែល​ទើបតែ​ចូលកាន់តំណែង​បាន​១ខែ បាន​សុំលាលែងពីតំណែង​នេះវិញ ដោយ​លោកបាន​រងការ​ចោទថា បាន​បំពាន​ច្បាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ លិខិតសុំលាលែង ត្រូវបានលោក Isshu Sugawar ផ្ញើទៅនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៩។

ការ​សម្រេចនេះ ធ្វើឡើង​បន្ទាប់ពីទស្សនាវដ្តី Shukan Bunshun បាន​ផ្សព្វផ្សាយ​ព័ត៌មាន​កាលពីថ្ងៃទី២៤ ខែតុលាថា រដ្ឋលេខាធិការម្នាក់​ បាន​យកថវិកា ២ម៉ឺនយ៉េន (ជាង ១៨៤ដុល្លារ) ក្រោមឈ្មោះលោក Isshu Sugawar ទៅ​ចូលបច្ច័យក្នុងពិធីបុណ្យសព​របស់​អ្នកគាំទ្រ​លោកម្នាក់​ដែល​​ទទួលមរណភាព​ នៅតំបន់ Nerima Ward ក្រុងតូក្យូ ដែល​នេះ​ត្រូវគេចោទថា ជាការទិញទឹកចិត្តពលរដ្ឋ។

លោក​បាន​ថ្លែងក្នុងសន្និសីទ​កាសែត​យ៉ាងដូច្នេះថា៖ «ខ្ញុំមាន​អារម្មណ៍​អៀនខ្មាស់យ៉ាងខ្លាំង ក្នុងការលាលែងពីតំណែងនេះ ដោយ​សារតែបញ្ហាជាច្រើន។ ខ្ញុំសុំទោស»។

ចំណែក​លោកនាយក​រដ្ឋមន្រ្តីជប៉ុនវិញ ក៏បានបង្ហាញការសោកស្តាយ និង​ទទួលខុសត្រូវលើរឿងនេះ​ផងដែរ ដោយសារតែលោកជាអ្នកតែងតាំងរដ្ឋមន្រ្តីខាងលើ។ លោក​បន្ថែម​ថា តំណែង​លោក Sugawar នឹង​ត្រូវជំនួសដោយលោក Hiroshi Kajiyama ដែល​អតីតរដ្ឋមន្រ្តីក្រសួង​មួយរូបផងដែរ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;