ផលិតសាច់មិនទាន់តម្រូវការទីផ្សារ ក្រសួងកសិកម្មដាក់ចេញវិធានការប៉ុន្មានចំណុចនេះ
- 2019-10-31 07:07:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតសាច់មិនទាន់តម្រូវការទីផ្សារ ក្រសួងកសិកម្មដាក់ចេញវិធានការប៉ុន្មានចំណុចនេះ
ចន្លោះមិនឃើញ
ក្រសួងកសិកម្មបានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍវិស័យផលិតកម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វទៅជាបែបទំនើប មានលក្ខណៈប្រកួតប្រជែង មានការចូលរួម និងធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព ដោយថាដើម្បីឲ្យមានការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ និងបំពេញតម្រូវការក្នុងស្រុក។
ក្នុងសិក្ខាសាលាស្ដីអំពី ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា កាលពីព្រឹកមិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វ៉េង សាខុន លើកឡើថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
ឯកឧត្តមឲ្យដឹងទៀតថាងាកមកប្រព័ន្ធផលិតកម្មសត្វ ភាគច្រើនជាផលិតកម្មខ្នាតតូច ដែលតែងតែទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិ ការរាលដាលនៃជំងឺឆ្លងសត្វផ្សេងៗក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការអភិវឌ្ឍវិស័យកសិកម្មផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមថាក្រសួងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍វិស័យផលិត កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វបែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ។
ការកើនចំណូលនេះគឺតាមរយ: ជំរុញកំណើនផលិតកម្មសត្វឱ្យកើនបីភាគរយក្នុងមួយឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោននៅឆ្នាំ២០១៩ ដល់២៧០ពាន់តោននៅឆ្នាំ២០២៣ និងអត្រាភាគរយនៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនពី១៩ភាគរយ នៅឆ្នាំ២០១៧ ដល់ ៣០ភាគរយ នៅឆ្នាំ២០២៣ និងជំរុញការចិញ្ចឹមគោពូជកូនកាត់ឲ្យបានប្រមាណ៣០ភាគរយនៅឆ្នាំ២០២៣៕