សម្តេច ហ៊ុន សែន ទទួលបានអាវបាល់ទាត់លេខ៩ ពីមេ FIFA

  • 2019-11-03 00:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​បណ្តា​មេដឹកនាំ​ប្រទេស​អាស៊ាន៩ទៀត បានទទួល​អាវ​កីឡាករ​បាល់ទាត់ពី​លោក Gianni Infantino ប្រធាន​សមាគម​សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ក្នុងនោះ​សម្តេចទទួលបាន​អាវលេខ៩ (ខ្សែប្រយុទ្ធ)។

ការ​ប្រគល់អាវខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​ពិធីចុះហត្ថលេខា​លើអនុស្សារណៈ​នៃការយោគយល់គ្នា​រវាង​អាស៊ាន និង​ FIFA នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០១៩។ ការចុះហត្ថលេខាធ្វើឡើង​ដោយ​អគ្គលេខាធិការអាស៊ាន និង​ប្រធាន FIFA។

លោក​អគ្គលេខាធិការ​អាស៊ាន និងលោកប្រធាន FIFA បានសម្តែង​នូវការ​ប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។

លោក​ Gianni Infantino បានសម្តែង​នូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត​ក្នុងពិភពលោក។

លោកប្រធានសមាគម​សហព័ន្ធ​ បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកំពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;