សម្តេច ហ៊ុន សែន ថាថ្ងៃខាងមុខពលរដ្ឋទូទាំងប្រទេស សុទ្ធតែចង់ទៅមើលផ្លូវនៅខេត្តព្រះសីហនុ
- 2019-11-16 04:04:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ថាថ្ងៃខាងមុខពលរដ្ឋទូទាំងប្រទេស សុទ្ធតែចង់ទៅមើលផ្លូវនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃខាងមុខពោលគឺបន្ទាប់ពីផ្លូវនៅខេត្តព្រះសីហនុសាងសង់រួច នឹងទាក់ទាញប្រជាពលរដ្ឋទូទាំងប្រទេសឱ្យទៅមើល ដោយសារផ្លូវនេះធ្វើឡើងប្រកបដោយគុណភាពខ្ពស់បំផុត ជាមួយនឹងការចំណាយដ៏ច្រើន។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រមុខរាជរដ្ឋាភិបាលបន្តថា គ្រាន់តែផ្លូវថ្នល់ក៏ក្លាយជាចំណុចទាក់ទាញប្រជាជននៅខេត្តដទៃ ឱ្យទៅលេងខេត្តព្រះសីហនុ ដើម្បីមើលផ្លូវប្រភេទធំៗ និងល្អ។
សូមជម្រាបថា ផ្លូវទាំង៣៤ខ្សែនេះមានប្រវែងសរុបជាង ៨៤គីឡូ ម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ ដោយគ្រោងចំណាយ ២៩៤លានដុល្លារ។
ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា ៣ប្រភេទ៖
១. មហាវិថីចំនួន៣ខ្សែប្រវែងជាង ២២ គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លងរួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ (លេខ៤៧)។
២. វិថីមានចំនួន១៦ខ្សែមានប្រវែងជិត៥០គីឡូ ម៉ែត្រមានទទឹង ២០ម៉ែត្រទៅ ៤០ម៉ែត្រទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត ២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣. អនុវិថីមានចំនួន ១៥ខ្សែមានប្រវែងជិត ១២ គីឡូម៉ែត្រមានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះរួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕