កម្ពុជា-សិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០
- 2019-11-21 06:27:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-សិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០
ចន្លោះមិនឃើញ
ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ «មហោស្រពសិល្បៈតាមដងវិថី» នៅរាជធានីភ្នំពេញ នាកំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។ ការស្នើសុំកិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក តាន់ មីឆាអ៊ែល (Michael Tan) ឯកអគ្គរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចង់រៀបចំ «មហោស្រពសិល្បៈតាមដងវិថី» ខាងលើនេះ ដោយបានចាត់ឱ្យលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធសហការជាមួយស្ថានទូតសិង្ហបុរី និងក្រសួងវប្បធម៌ ធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អប្រសើរ។
លោក តាន់ មីឆាអ៊ែល បានលើកឡើងថា ព្រឹត្តិការណ៍មហោស្រពនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទាំងក៏អាចចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារ និងភេសជ្ជៈ គូគំនូលើជញ្ជាំងដែលគេរៀបចំទុកសម្រាប់គូគំនូ ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។ ប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យ ស្ថានទូតសិង្ហបុរីនឹងបន្តកិច្ចសហការរៀបចំនៅតាមបណ្ដាខេត្តសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម៕