កម្ពុជា បើកជំនួបពាណិជ្ជកម្មដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី
- 2019-12-18 02:58:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា បើកជំនួបពាណិជ្ជកម្មដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី
ចន្លោះមិនឃើញ
លោក ឈួន ដារ៉ា រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើក “ជំនួបពាណិជ្ជកម្ម (Business Matching)” ដែលមានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បានអញ្ជើញពាណិជ្ជករប្រទេសចិននៃខេត្តគួងស៊ី (៥៧ក្រុមហ៊ុន) ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ចូលរួមក្នុងកម្មវិធីនេះ។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩។
គោលបំណងនៃកិច្ចជំនួបនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ចែកជូនដល់អ្នកចូលរួម ព្រមទាំងធ្វើការផ្សព្វផ្សាយផលិតផលកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១៤៨នាក់។ ក្នុងជំនួបនេះដែរ រដ្ឋលេខាធិការ បានឡើងថា ដើម្បីចែកជូនដល់វិនិយោគិន និងធុរជន អំពីសក្តានុពលនៃការអភិវឌ្ឍកម្ពុជា ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៧,៧ភាគរយ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដោយប្រទេសកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានផ្តល់នូវអត្ថប្រយោជន៍ជូនដល់អ្នកវិនិយោគមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូល។
រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ឱកាសដល់វិនិយោគគិននៅកម្ពុជា លើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និងអាមេរិកជាដើម។ កម្ពុជាបានសម្រួលជូនពាណិជ្ជករបរទេសនូវការវិនិយោគ សម្រាប់ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំនេញមិនលើសពី២០% អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន១០០%។
លោកក៏បានបន្ថែមទៀតថា កម្ពុជាជាទិសដៅសម្រាប់ពាណិជ្ជករមកវិនិយោគ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដោយកម្ពុជាបានចូលរួមចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នៅឆ្នាំ២០១២ ជាមួយនឹងអាស៊ានបូកប្រទេសទាំង០៦ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។
លោក សង្ឃឹមថា ការរៀបចំឱ្យមានកិច្ចជំនួបនាថ្ងៃនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា បានជួបជាមួយពាណិជ្ជករចិន ថៃ និងឥណ្ឌូនេស៊ី ដើម្បីធ្វើការសិក្សាស្វែងយល់ ព្រមទាំងពង្រឹងនូវខ្សែសង្វាក់ផលិតកម្ម ការចាប់ដៃគូរកស៊ី និងនាំចេញ-នាំចូលរវាងគ្នាឱ្យកាន់តែច្រើន និងមានប្រសិទ្ធភាពខ្លាំងខ្លាបន្ថែមទៀត៕
អត្ថបទ និងរូបភាព៖ ក្រសួងពាណិជ្ជកម្ម