លោក ប្រាក់ សុខុន ជួប​ទូតទីម័រខាងកើត ពិភាក្សាពីអ្វីខ្លះ?

  • 2019-12-30 06:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ​បាន​ទទួល​ជួប​លោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ទីម័រឡេស្តេ​ប្រចាំកម្ពុជា ជម្រាបលា​នៅទីស្តីការក្រសួងការបរទេស នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ នៃ​បេសកកម្មការ​ទូតរបស់លោកស្រី Felicidade de Sousa Guterres ក្នុង​រយៈពេល ៤ឆ្នាំនៅកម្ពុជា ដែលបានខិតខំធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រឡេស្តេ មាន​ការរីកចំរើនគួរឲ្យកត់សម្គាល់។ ហើយ​កន្លង​មក​ប្រទេស​ទាំង​ពីរ​តែង​តែ​គោរព​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក។ ហើយ​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​នេះ​គឺ​តាម​រយៈការផ្លាស់​ប្តូរ​នៅ​ទស្សកិច្ច នៃថ្នាក់ដឹកនាំប្រទេសទាំងពីរជាច្រើនលើក។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Felicidade de Sousa Guterres ដែលបានធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អ។ ហើយ​ថ្នាក់​ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងការបរទេស គឺ​ត្រៀម​សហការ​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ​ប្រចាំ​កម្ពុជា​ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​រឹង​មាំ​ថែមទៀត។

ជា​ការឆ្លើយតបលោកស្រី Felicidade de Sousa Guterres បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេសតាមរយៈក្រសួងការបរទេសដែលមានកិច្ចសហការល្អជាមួយលោកស្រី ដែល​បាន​ធ្វើឲ្យបេសកកម្មរបស់លោកស្រីចប់ដោយបរិបូរប្រកបដោយជោគជ័យ។ នៅ​ក្នុង​បេសកម្ម​របស់​លោក​ស្រី ភាគីទាំងពីរបានពិនិត្យទៅលើវិស័យដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយ​លោកស្រីបានមើលឃើញវិស័យអាទិភាព គឺវិស័យទេសចរណ៍ កសិកម្ម។ លោក​ស្រី​ក៏​បាន​អរគុណ​រដ្ឋាភិបាល​កម្ពុជាផងដែរ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រឡេស្តេចំនួន ១០​រូប​មករៀននៅកម្ពុជា។

លោក​ស្រីបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលទីម័រឡេស្តេយកធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បី​ធ្វើ​ការ​អភិវឌ្ឍប្រទេសទីម័រឡេស្តេ។ លោក​ស្រី អរគុណកម្ពុជាដែលតែងតែគាំទ្រទីម័រឡេស្តេ ដែល​ទីម័រឡេស្តេ​មាន​បំណងចូលជាសមាជិកទី១១ នៃប្រទេសអាស៊ាន។ ហើយ​កម្ពុជា​មិន​ត្រឹម​តែ​គាំទ្រ​ទីម័រឡេស្តេ មិនត្រឹមតែកម្រិតតំបន់ទេ គឺក្នុងកម្រិតអន្តរជាតិផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;