"ភូមិ ២៣" បេះដូង​នៃ​កោះរ៉ុងសន្លឹម មានអ្វី​ពិសេសខ្លះ?

  • 2020-01-18 03:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវទៅស្រុក វគ្គ៣ បានមកដល់ទៀតហើយ។ ថ្ងៃនេះ សូម​នាំអារម្មណ៍​ប្រិយមិត្ត​ទៅគយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត នៅ ភូមិ២៣ នៃកោះរ៉ុងសន្លឹម។

“ភូមិ២៣” គឺជាតំបន់ទេសចរតូចមួយ ស្ថិតនៅក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ។ ដើម្បីទៅកម្សាន្តនៅទីនេះ យើងត្រូវធ្វើដំណើរតាមអូប័រ ចេញពីកំពង់ផែក្រុងព្រះសីហនុ ទៅ​កាន់​កំពង់ផែ​កោះរ៉ុង ប្រមាណ ១ម៉ោង បន្ទាប់មកត្រូវប្ដូរជើងអូប័រឆ្ពោះទៅកំពង់ផែភូមិ២៣ ប្រមាណ៣០នាទីតែប៉ុណ្ណោះ។

ជាផ្នែកមួយនៃឧទ្យានជាតិសមុទ្រកោះរ៉ុង “ភូមិ២៣” ជាតំបន់ដែល​ពោរពេញដោយសក្ដានុពលទេសចរដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរចម្រុះជាតិសាសន៍។ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២៣ហិកតា នៃកោះរ៉ុងសន្លឹម “ភូមិ២៣” ត្រូវបានរៀបចំឲ្យមានទីតាំងកម្សាន្ត និងសម្រាប់សម្រាកលម្ហែកាយជាច្រើនកន្លែងផ្សេងៗគ្នា។ នៅមិនឆ្ងាយប៉ុន្មានពីភូមិ២៣ ឆ្នេរខ្សាច់ធម្មជាតិប្រវែងជាង ១៥០០ម៉ែត្រ គឺជាកន្លែងពេញនិយមបំផុតក្នុងការដើរលម្ហែកាយ និងសម្រាកលើឆ្នេរទទួលយកបរិយាកាសដ៏ស្រស់ស្រាយពីជំនោរសមុទ្រ។

ធម្មជាតិពិតជាអស្ចារ្យ និងគួរឲ្យស្ញប់ស្ញែង! នៅទីតាំងតែមួយសោះតែបាននិម្មិតសោភ័ណភាព ២បែបផ្សេងៗគ្នា។ ម្ខាងឆ្នេរខ្សាច់ ម្ខាងទៀតច្រាំងថ្ម។ នៅជ្រុងម្ខាងនៃ “ភូមិ២៣” ក្រាលគ្រងទៅដោយដុំថ្មតូចធំ ស្អេកស្កះគរលើច្រាំងសមុទ្រ បង្កើតបានជាទស្សនីយភាពមួយបែបដ៏គួរឲ្យចង់គយគន់ ។

នៅចំពីមុខភូមិ២៣ កូនភ្នំតូចមួយ ផុសចេញកណ្ដាលសមុទ្រ គ្របដណ្ដប់ដោយព្រៃដ៏ក្រាស់ឃ្មឹក។ ទីនេះ ជាកន្លែងដ៏ល្អក្នុងការជ្រមុជទឹកទស្សនាផ្កាថ្ម ហើយទីនេះក៏ប្រមូលផ្ដុំទៅដោយធនធានសមុទ្រជាច្រើនប្រភេទរស់នៅផងដែរ។

ពីភូមិនេសាទតូចមួយ បានប្រែក្លាយជាភូមិទេសចរណ៍ ដ៏មានសក្ដានុពលមួយប្រចាំកោះរ៉ុងសន្លឹម។ ប្រជាពលរដ្ឋស្ទើរតែ ៩០% បានផ្លាស់ប្ដូរពីរបរនេសាទ មកប្រកបរបរផ្ដល់សេវាកម្មទេសចរវិញម្ដង ហើយរបរថ្មីនេះ បានជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរជាងពេលមុនផងដែរ។

សក្ដានុពល ទេសចរនៅភូមិ២៣ មិនទាន់បញ្ចប់ត្រឹមការពណ៌នាខាងលើនេះទេ នៅពេលសាយណ្ណមកដល់ភ្ញៀវទេសចរតែងតែប្រមូលផ្ដុំគ្នានៅលើច្រាំងថ្ម រង់ចាំគយគន់ព្រះទិនករអស្ដង្គត។

ចង់ឃើញទិដ្ឋភាពដ៏អស្ចារ្យនៃភូមិ ២៣ សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;