កម្ពុជា-ម៉ុងហ្គោលី ឯកភាពពិភាក្សាលើការតភ្ជាប់ជើងហោះហើរត្រង់

  • 2020-01-29 01:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា-ម៉ុងហ្គោលី បាន​ឯក ភាព​គ្នា​ពិភាក្សា​លើ​លទ្ធភាព​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​រវាង​រាជធានី​ភ្នំពេញ និងរដ្ឋធានីអ៊ូឡាបាទ័រ (Ulaanbaatar) ព្រម​ទាំង​ប្ដេជ្ញាព​ង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​គ្នាកាន់តែខ្លាំងឡើង ដើម្បី​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​វិញ​ទៅ​មក។ ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ លោក ស៊ែរ៉ែនបាត ណាមរ៉ាយ (Tserenbat Namsrai) រដ្ឋមន្រ្តីបរិស្ថាន និង​ទេសចរណ៍​ម៉ុងហ្គោលី កាល​ពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

រូបភាព៖ ក្រសួងទេសចរណ៍
លោក​រដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអំពីការបន្តអភិវឌ្ឍវិស័យទេសចរណ៍ តាម​គោលការណ៍​ចីរ​ភាព​របស់​កម្ពុជា ជា​ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ស្រប​តាម​គោល​នយោបាយ​ជាតិ​អេកូទេសចរណ៍ ២០១៩-២០៣០ ក្រោម​យន្តការការងារអន្តរក្រសួង ដែល​នឹង​ចូល​រួម​ដល់​ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏​ដូចជា​ចូល​រួម​ដល់​ការ​សម្រេច​បាន​នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

លោក​រដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេស​ការរីក​ចម្រើន​ឥត​ឈប់នៃវិស័យទេសចរណ៍ និង​បាន​គាំទ្រ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស ទាំង​ពីរ​លើវិស័យទេសចរណ៍។

ភាគីទាំងពីរបានឯកភាពលើការរៀបចំឲ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖

១៖ ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍​ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍​សាសនា។

២៖ ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ និង​មន្រ្តី​ទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និង​គោល​ដៅ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។

៣៖ ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

៤៖ ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និង​សាធារណៈ​ចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ។

សូមរំលឹកថា កម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយ​បន្ទាប់​ពី​កម្ពុជា​បាន​ឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេស​ទាំងពីរ​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;