ក្រោយឆ្នាំ២០២០ ភូមិតិចតួចបំផុតមិនដល់២%ទេ ដែលគ្មានអគ្គិសនីប្រើប្រាស់
- 2020-01-29 06:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឆ្នាំ២០២០ ភូមិតិចតួចបំផុតមិនដល់២%ទេ ដែលគ្មានអគ្គិសនីប្រើប្រាស់
ចន្លោះមិនឃើញ
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអះអាងថា នៅក្រោយឆ្នាំ ២០២០ អាចសល់ភូមិចំនួន ២៤៣ ទៀត ត្រូវជា ១,៧១% ដែលពុំមានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ។ ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា តំបន់ដាច់ស្រយាលខ្លាំង ជាតំបន់គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាតំបន់រស់នៅបណ្តែតទឹក ជាតំបន់លិចទឹកនៅរដូវវស្សាជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើយើងត្រូវអភិវឌ្ឍការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ ។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
លោកបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលត្រូវនៅសល់ទាំង ២៤៣នេះ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ។
នៅចុងឆ្នាំ ២០១៩ ព្រំដែននៃអាជ្ញាបណ្ណដែលយើងបានផ្តល់ឲ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩,៤៨% នៃចំនួនភូមិទូទាំងប្រទេសរួចក្នុងឆ្នាំ២០១៩ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ៥,៨៣% នៃចំនួនភូមិថែមទៀត ធ្វើឲ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី ៨៦,៨៥% នៅចុងឆ្នាំ២០១៨ មក ៩២,៦៨% នៅចុងឆ្នាំ ២០១៩ ។ មកដល់ចុងឆ្នាំ ២០១៩ កន្លងទៅនេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១,០៣៧ ដែលក្នុងនោះ មានភូមិ ៩៦៤ ស្ថិតក្នុងដែនអាជ្ញាបណ្ណដែលត្រូវបានផ្តល់ឲ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ៧៣ ស្ថិតនៅក្រៅដែនអាជ្ញាបណ្ណ ។
អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានធ្វើការសិក្សារួមគ្នា អំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង ។ លទ្ធផលនៃការសិក្សាអំពីលទ្ធភាពនេះបានបង្ហាញថា ក្នុងឆ្នាំ ២០២០ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពី បណ្តាញជាតិបាន ៧៩៤ ភូមិទៀត៕