ស្ថានភាពជំងឺខួរក្បាល អ្នកថតរូបអាជីពលោក មឿន ញាណ ពេលបច្ចុប្បន្ន

  • 2020-02-04 07:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់ជាអតីតចាងហ្វាង ទស្សនាវដ្តី The Cambodian Scene ជាអ្នកថតរូបអាជីព ជាអ្នកថតរូបសារព័ត៌មាន ជាការីនិព្ធព័ត៌មាន ជាអ្នកស្រាវជ្រាវ និងជាម្ចាស់ស្នាដៃសៀវភៅ “សម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា Natural Treasure of Cambodia” បោះពុម្ព ឆ្នាំ២០១៩ លោក មឿន ញាណ បានធ្លាក់ខ្លួនឈឺ “ជំងឺខួរក្បាលទ្រុឌទ្រោមវិវត្តន៍ទៅចាស់ជរាមុនអាយុកាល” រយៈពេលជាង៨ខែមកហើយ រហូតមកដល់ពេលនេះលោកកំពុងសម្រាកព្យាបាល ណាត់ជួបពេទ្យជំនាញ និងលេបថ្នាំជាប្រចាំ។

លោក មឿន ញាណ អង្គុយជាប់សៀវភៅ “សម្បត្តិធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា Natural Treasure of Cambodia” ដែលជាស្នាដៃរបស់លោក
ស្ថិតក្នុងស្ថានភាពដៃទាំង២កាន់ឈើច្រត់ និងថង់កញ្ចប់ថ្នាំតម្រង់មកកៅអីអង្គុយនៅហាងកាហ្វេមួយកន្លែងនៅបណ្តោយមហាវិថីព្រះមុនីវង្ស អ្នកថតរូបជំនាញវ័យ ៥២ឆ្នាំ លោក មឿន ញាណ បានរៀបរាប់ប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនទាំងសំលេងខ្សាវៗថា <<**ខ្ញុំបានធ្លាក់ខ្លួនឈឺ “ ជំងឺខួរក្បាលទ្រុឌទ្រោមវិវត្តន៍តទៅចាស់ជរាមុនអាយុកាល” ជាង ៨ខែ មកហើយ វាចាប់ផ្តើមមានអាការៈធ្ងន់ធ្ងរនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ ខួរក្បាលខ្ញុំត្រូវបានក្រុមគ្រូពេទ្យជំនាញខាងខួរក្បាលប្រាប់ថា ខួរក្បាលរបស់ខ្ញុំទ្រុឌទ្រោមចាស់ជរា(រួញស្វិត)ស្មើនឹងមនុស្សអាយុ ៩០-១០០ឆ្នាំហើយ) វាច្រើនជាងអាយុរបស់ខ្ញុំ ២ ដង។ គ្រូទេព្យជំនាញបានសួរខ្ញុំថា តើលោកធ្វើការអ្វីខ្លះ? បានជាខួរក្បាលវិវត្តន៍លឿនយ៉ាងនេះ? ខ្ញុំឆ្លើយប្រាប់ថា ធ្លាប់ធ្វើជាអ្នកសាព័ត៌មាន គ្រូពេទ្យបានគ្រវីក្បាលដាក់ខ្ញុំ ហើយថា មួយអាជីពជាគ្រូពេទ្យជំនាញខាងព្យាបាលខួរក្បាល ទើបតែបានជួបរូបខ្ញុំម្នាក់ជាប្រជាជនកម្ពុជា ដែលមានស្ថានភាពខួរក្បាលធ្ងន់ធ្ងរដូច្នេះ**>>។

<<កាលដំបូងខ្ញុំមានអាការៈមិនស្រួលក្នុងខ្លួន ខុសពីធម្មតាហើយក៏សម្រេចចត្តិទៅពេទ្យពិនិត្យមើល ពេទ្យបានពិនិត្យឈាមមើលតែមិនមានជំងឺអ្វីនោះទេ លោះរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៩ អាការៈខ្ញុំកាន់តែធ្ងន់ធ្ងរទៅ ពេលនោះខ្ញុំដើរមិនរួច និយាយមិនចេញ ភ្លេចភ្លាំង ដងខ្លួនមួយចំហៀងខ្លួនកម្រើកមិនបានដូចមនុស្សស្លាប់មួយចំហៀងខ្លួនអីចឹង ក្រោយមានស្ថានភាពបែបនេះទើបក្រុមគ្រួសាររបស់ខ្ញុំបានបញ្ចូលខ្ញុំទៅរកពេទ្យជំនាញខាងផ្នែកខួរក្បាលទើបដឹងថាខ្ញុំមានជំងឺដែលប្រជាជនកម្ពុជាទាំងអស់មិនដែលជួបគឺ “ ជំងឺខួរក្បាលទ្រុឌទ្រោមវិវត្តន៍ទៅចាស់ជរាមុនអាយុកាល">>។

អាការៈពេលលោក មឿន ញាណ ត្រូវអមដោយឈើច្រត់ដើម្បីជួយទប់លំនឹង

លោកបន្តថា ក្រោយពីជួបពេទ្យជំនាញផ្នែកខួរក្បាលនៅមន្ទីរពេទ្យ និងក្លីនីកឯកជន គ្រូពេទ្យបានបញ្ជាក់ថា <<ជំងឺរបស់ខ្ញុំវាអាចបណ្តាលមកពីមូលហេតុ២យ៉ាងគឺ ១.កត្តាតំណពូជ និង២.កត្តាការប្រើប្រាស់ខួរក្បាលច្រើនហួសកម្រិត។ បើជំងឺខ្ញុំបណ្តាលមកពីតំណពូជនោះវានឹងពិបាកព្យាបាល តែបើវាបណ្តាលមកពីកត្តាទី២ ការប្រើប្រាស់ខួរក្បាលច្រើនហួសកម្រិតនោះវាអាចព្យាបាលរយៈតិចបំផុត៣ខែទើបប្រសើរឡើងវិញ>>។

ក្រោយជួបពិគ្រោះ និងព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជំនាញខួកក្បាល និងចលនា ជនជាតិខ្មែរ ជប៉ុន និងអាមេរិកាំង បានមួយរយៈមកអាការៈជំងឺរបស់លោក មឿន ញាណ បានប្រសើរជាងមុនបន្តិច លោកអាចនិយាយបាន ដើរបានតែត្រូវការឈើច្រត់ ការចងចាំបានច្រើនជាងមុន តែយ៉ាងណាតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតជំនាញតម្រូវលោកសម្រាកព្យាបាល លំហែអារម្មណ៍ កុំគិតច្រើន និងលេបថ្នាំ តាមកាលកំណត់។

លោក មឿន ញាណ បន្ថែមថា ក្រោយរយៈពេល ៨ខែនៃការប្រឹងប្រែងតស៊ូជំនះជំងឺដែលមានតែមួយនៅកម្ពុជានេះ ក្រោយពីលុយដែលមាននៅក្នុងខ្លួន ក៏ដូចជាក្នុងគ្រួសារយកមកចំណាយលើកការព្យាបាល ថ្នាំប្រចាំថ្ងៃអស់នោះ លោកគ្មានជម្រើសក្រៅពីយកកាំមេរ៉ា រថយន្ត ក៏ត្រូវបានលក់ដើម្បីយកលុយមក ទប់នឹងស្ថានភាពអាក្រក់មួយនេះបន្តរហូតដល់ថ្ងៃនេះ។

ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណលោកវេជ្ជបណ្ឌិតជំនាញទាំងអស់ដែលបានព្យាបាល និងបងប្អូន មិត្តភក្តិរួមអាជីព និងសប្បុរសជននានាដែលបានជួយលើកទឹកចិត្ត និងឧបត្ថមលោកជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;