ក្រុមហ៊ុនម៉ាឡេស៊ី​ គ្រោងដាក់ទុនដាំ​ឫស្សី និង​ចិញ្ចឹមចៀម​នៅ​កម្ពុជា ដើម្បី​នាំទៅ​អារ៉ាប់

  • 2020-02-06 02:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Unique Worldwide ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​ម៉ាឡេស៊ី គ្រោង​ដាក់ទុនវិនិយោគ​លើការ​ដាំដុះឫស្សី​សម្រាប់​ប្រើប្រាស់​លើ​វិស័យ​ថាមពល និង​ការ​ចិញ្ចឹម​ចៀម​នាំចេញ​ទៅកាន់​ទីផ្សារ​អារ៉ាប់។ គម្រោង​វិនិយោគនេះ ត្រូវបានបង្ហាញ​ដោយលោក Thureing Aung ដែល​ជានាយកក្រុមហ៊ុន ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០។

លោក​នាយក​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​មាន បទពិសោធន៍​គ្រប់គ្រាន់​ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស​អាល្លឺម៉ង់ រួមទាំង​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពីសហភាព​អឺរ៉ុប។ ដូច្នេះលោក​សង្ឃឹមថា គម្រោងនេះ នឹងចូល​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយ:​ការបង្កើន​ប្រាក់ចំណូល​របស់​ប្រជាកសិករ ជាពិសេស​ប្រជាសហគមន៍​ព្រៃឈើ​ដែលមាន​សក្តានុពល​យ៉ាងល្អ​ក្នុងការ​ដាំឫស្សី និង​ចិញ្ចឹមចៀម ដែលជាប្រភព​ចំណូល​ប្រចាំគ្រួសារ។

លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​គាំទ្រ ចំពោះ​ទស្សនវិស័យ​របស់ក្រុមហ៊ុនវិនិយោគ​ដាំឫស្សី និង​ចិញ្ចឹមចៀម ព្រោះថា​កម្ពុជាមាន​ធនធាន​ឫស្សី​យ៉ាងច្រើន ហើយ​លក្ខណ:អំណោយផល​ក្នុង ការដាំដុះ​ក៏ល្អប្រសើរ ប៉ុន្តែ​នៅមិនទាន់​ប្រើប្រាស់​ធនធានឫស្សី​ឱ្យអស់សក្តានុពល​នៅឡើយ។ ដូច្នេះ គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមានតម្លៃបន្ថែមទ្វេឡើង និងជាពិសេសនឹងធ្វើការទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី និងការចិញ្ចឹមសត្វ បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។

លោក វេង សាខុន បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ។ ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកលោក វេង សាខុន

អត្ថបទថ្មី
;