ក្រសួង​មហាផ្ទៃ រៀបចំ​តាក់តែង​សេចក្តី​ព្រាងអនុក្រឹត្យ​ ស្តីពី​​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប៉ូលិស-ប៉េអឹម​

  • 2020-02-14 04:42:22
  • ចំនួនមតិ 1 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បើកកិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​តាក់តែង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​កិច្ចប្រតិបត្តិការ និង​កិច្ច​សហប្រតិបត្តិការ​រវាងនាយនគរបាលជាតិ និងនាយ​ទាហាន​នៃ​កងរាជអាវុធហត្ថ ក្នុងពេល​បំពេញ​មុខងារ​ជា​នគរបាល​យុត្តិធម៌ កាលពី​រសៀលថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០។

កិច្ចប្រជុំនេះ ធ្វើឡើង​ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិ​ការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ ដោយមាន​ការចូលរួមពី​រដ្ឋលេ​ខាធិការ​ប្រចាំការ​ក្រសួង​យុត្តិធម៌ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ តំណាង​ក្រុមប្រឹក្សាអ្នក​ច្បាប់​នៃទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី ស្នងការដ្ឋាននគរបាល​ជាតិក្រសួងមហាផ្ទៃ កង​យោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ នាយកដ្ឋាននីតិកម្ម​ក្រសួងការពារជាតិ ក្រសួង ស្ថាប័ននានា ព្រមទាំង​អង្គភាពពាក់ព័ន្ធជាច្រើនរូប។

លោក សក់ សេដ្ឋា បានផ្តល់​យោបល់​ដល់​អង្គប្រជុំ​ថា ការរៀបចំ​តាក់​តែង​អនុក្រឹត្យ​ស្តីពីកិច្ចសហប្រតិបត្តិការនេះ គួរផ្តោតលើ​កិច្ចសហប្រតិបត្តិការជាក់​ស្តែងក្នុង​គោល​ដៅរួម គឺពង្រឹង​ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងពង្រឹង​ប្រសិទ្ធភាព​នៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​នានា​​​នៅក្នុងសង្គម។

លោកបានបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួង​មហាផ្ទៃកាលពីឆ្នាំ២០១៩ កន្លងមក បទល្មើសនានា​មានការកើនឡើង ប៉ុន្តែស្ថាប័នទាំងពីរ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មានកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ព្រមទាំងកងកម្លាំងអនុវត្ត​ច្បាប់ផ្សេង​ទៀត ចាំបាច់​ត្រូវរិះរកវិធានការឆ្លើយតបទៅនឹង​កំណើន​នៃបទល្មើសទាំងនេះឱ្យបានទាន់ពេលវេលា ដើម្បីពង្រឹង​សន្តិសុខនៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត។

លោក សក់ សេដ្ឋា ក៏បានមានប្រសាសន៍វាយតម្លៃថា ជាទូទៅកងកម្លាំងទាំងពីរ ទាំងកងរាជអាវុធហត្ថ និងកង​នគរបាលជាតិ បានខិតខំសហការគ្នា​បានល្អលើ​ការ​រក្​សាសន្តិសុខ សណ្តាប់ធ្នាបសង្គម ដែលរាល់បញ្ហា​ទាំងអស់នោះ គឺកងកម្លាំងទាំងពីរតែងតែគ្រប់គ្រង និងទប់ស្កាត់បានជោគជ័យ៕

អត្ថបទ៖ សោភា

;