រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាននៅហាណូយ

  • 2020-02-18 03:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គ្រោង​នឹង​ដឹក​នាំ​គណៈ​ប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាន ( ADMM Retreat) នៅ​ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយ:ពេលបីថ្ងៃ គឺចាប់ពីថ្ងៃនៅថ្ងៃ១៨ ខែកុម្ភ: ឆ្នាំ២០២០។ ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ តប​តាម​ការ​អញ្ជើញ​របស់​នាយ​ឧត្តម​សេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម។ នេះបើយោងតាមសេចក្តីជូនព័ត៍មានរបស់ក្រសួងការពារជាតិ កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ បានឲ្យដឹងថា កិច្ច​ប្រជុំ​ចង្អៀត រដ្ឋ​មន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នឹងប្រព្រឹត្តនៅទីក្រុងហាណូយ រយៈ​ពេល​បីថ្ងៃ រវាងពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួង​ការពារជាតិបានបញ្ជាក់ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ នឹង​ចូលរួម​ផ្តល់​នូវ​ទស្សនៈ​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុងតំបន់និងពិភពលោកនៃផលប្រយោជន៍រួម ក៏ដូច​ជា​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​របស់ ADMM និង ADMM បូក ដែល​នឹង​បម្រើ​ជា​គោលការណ៍​ណែនាំ​សម្រាប់​បន្ត​ពិភាក្សា និង​អនុវត្តដោយភ្នាក់ងារពាក់ព័ន្ធ។

ស្របគ្នានឹងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គ្រោង​នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន អូស្រ្តាលី ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហាសន្តិសុខរួម ក៏ដូច​ជា​ការ​លើក​កម្ពស់​ទំនាក់ទំនង​លើវិស័យ​ការពារ​ជាតិ​រវាង​អូស្ត្រាលី និងអាស៊ាន ជាពិសេសជាមួយរដ្ឋសមាជិកអាស៊ាននីមួយៗ។

ក្រសួងការពារជាតិបានបន្តទៀតថា ក្នុងដំណើរចូលរួម ក្នុងប្រទេសវៀតណាមនោះផងទៀត សម្តេច​ពិជ័យសេនា ទៀ បាញ់ នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋម ន្ត្រី ការពារជាតិ នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួនផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;