លំនៅឋាន​សម្រាប់​អ្នកមានចំណូល​ទាប និងមធ្យម លក់ដាច់អស់​ជិតពាក់កណ្តាល​ហើយ

  • 2020-02-18 03:43:43
  • ចំនួនមតិ 16 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ


គម្រោង​អភិវឌ្ឍលំនៅឋាន​តម្លៃសមរម្យ​សម្រាប់​អ្នកមានចំណូលទាប និងមធ្យម និង​ក្រុម​ជនងាយរងគ្រោះ របស់​ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម ក្នុងស្រុកស្អាង ខេត្តកណ្តាល មកដល់ពេលនេះ ក្រុមហ៊ុនបានលក់​ផ្ទះ​ចំនួន ១០៨៨ផ្ទះ ស្មើនឹង ៤៤% នៃ​ចំនួន​ផ្ទះ​សរុប ក្នុងនោះអតិថិជន​ជាមន្រ្តី​រាជការ​មាន​ចំនួនជាង ២៣%។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២០។

រូបថត៖ ហ្វេសប៊ុកលោក ជា សុផារ៉ា

គម្រោងនេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រមាណ ២៣ហិកតា មានចំនួន ២៤៥៧ផ្ទះ មាន​ទុន​វិនិយោគ​ប្រមាណ ៧៣​លានដុល្លារអាមេរិក។ ក្នុងនោះ ក្រុមហ៊ុន​បាន​បញ្ចប់ការ​សាងសង់ផ្ទះជាស្ថាពរ​ចំនួន ៦០៣ផ្ទះ ដោយ​គ្រោង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅក្នុងឱកាស​បុណ្យចូលឆ្នាំខ្មែរ​ខាងមុខនេះ ខណៈការសាងសង់គម្រោងទាំងមូល​នឹងត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំ​២០២០នេះ។

សូមជម្រាប​ថា គម្រោង​នេះ ស្ថិតក្នុងចំណោមគម្រោង​ទាំង៥ ដែលបាន​នឹងកំពុង​អនុវត្តនៅកម្ពុជា ក្នុងនោះ រាជធានី​ភ្នំពេញ ២គម្រោង ខេត្តកណ្តាល ២គម្រោង និង​ខេត្តបន្ទាយមានជ័យ ១គម្រោង។ លំនៅឋានសាងសង់សរុបប្រមាណ ៨៣៣១ខ្នង និង ៧២៥៦ចំណែកឯកជន ដោយ​លក់​ក្នុង​តម្លៃ​ក្រោម ៣ម៉ឺនដុល្លារ។

បើតាម​សេចក្តីប្រកាសព័ត៌មាន​ដដែល ឱ្យដឹងថា គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃសមរម្យ​របស់​ក្រុមហ៊ុននេះ បាន​សម្រួល​លក្ខខណ្ឌ​នៃការ​បង់​ប្រាក់​កក់ ដោយ​អតិថិជន​អាចបង់ ១០% នៃ​តម្លៃផ្ទះ​ក្នុង​រយៈពេល ១២ខែ​ដំបូង ឬ បង់ ២០% ទៅ ៣០% ក្នុង​រយៈពេល ២៤ខែ ដោយមិនមានការប្រាក់ ហើយ​ទឹកប្រាក់​ដែលនៅសល់​អតិថិជន​ត្រូវបង់​រំលស់​បន្ត​ជាមួយ​ធនាគារ​ជាដៃគូ​ក្នុងរយៈពេល​រហូតដល់ ២០ឆ្នាំ ឬ​អាច​បង់ផ្តាច់​ជាមួយក្រុមហ៊ុន៕

អត្ថបទ៖ សំភី

;