សម្តេច ហ៊ុន សែន ដាក់ចេញទិសដៅយុទ្ធសាស្ត្រសំខាន់ ៤ដល់ក្រសួងមហាផ្ទៃបន្តធ្វើឲ្យបាន
- 2020-02-21 01:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ដាក់ចេញទិសដៅយុទ្ធសាស្ត្រសំខាន់ ៤ដល់ក្រសួងមហាផ្ទៃបន្តធ្វើឲ្យបាន
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកងកម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ។
សម្ដេចក៏បានបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ឋិភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះ និងបានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូវខិតខំពុះពាសម្រេចឱ្យបានគឺ៖
ទី១) បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិ និងបូរណភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។
ទី២) បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។
ទី៣) បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា ។
ទី៤) លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់»។
សម្តេចក៏បាន សង្ឃឹមថាអង្គសន្និបាតទាំងមូលនឹងអនុវត្តប្រកបដោយភាពជោគជ័យនូវទិសដៅការងារ និងគោលការណ៍សំខាន់ៗជាច្រើនទៀតរបស់ក្រសួងមហាផ្ទៃដើម្បីនាំមកនូវជោគជ័យថ្មីបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋ៕