លោក ថោង ខុន រំពឹងទទួលភ្ញៀវជាង ១លាននាក់ក្នុងពីធីបុណ្យទន្លេនៅបាត់ដំបងឆ្នាំនេះ

  • 2020-02-24 04:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការរំពឹងទុកថា ពីធីបុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់ដំបង​នៅ​ឆ្នាំ​នេះ នឹង​ទទួលបានភ្ញៀវទេសចរមិនតិចជាង ១លាននាក់ ដោយ​រំពឹង​ទទួល​បាន​ចំណូល​ក្នុង​រង្វង់ ៥០លានដុល្លារ (ទេសចរម្នាក់ចាយមិនក្រោម ៥០ដុល្លារ)។ កាថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​បុណ្យទន្លេ​លើក​ទី ៦ឆ្នាំ ២០២០ កាល​ពី​ថ្ងៃ​ទី ២២ កុម្ភៈ នៅ​ខេត្តបាត់ដំបង។

រូបភាព៖ ក្រសួងទេសចរណ៍
ជាក់ស្ដែង បុណ្យទន្លេ ដែលនឹង​ត្រូវ​ប្រាព្វ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ចាប់ពីថ្ងៃទី ១៣ ដកល់ថ្ងៃ​ទី ១៥ ខែមីនា ខាងមុខនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយដែល​នឹង​ចូល​រួម​ចំណែកជំរុញចលនាទេសចរក្នុងស្រុក និងទាក់ទាញទេសចរអន្តរជាតិមួយចំនួនផងដែរ។ ព្រោះ​ថា​ខេត្ត​បាត់ដំបង​ជាគោលទេសចរណ៍ទី២ មានសក្ដានុពលទេសចរណ៍គួរឱ្យទាក់ទាញ និង​មាន​បន្សល់​នូវសម្បត្តិបេតិកភណ្ឌជាច្រើនសម្បូរបែប ម្យ៉ាងនៅជិតគោលដៅទេសចរណ៍សៀមរាប-អង្គរ​ថែមទៀត ហើយអាចមានលំហូរពីខាងប្រទេសថៃ។

លោក​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ដល់​អនុគណៈកម្មការ​កីឡា​អញ្ជើញ​ក្រុម​កីឡាករ​គុនសៅលីញ​ពី​ប្រទេស​ចិន ឱ្យចូលរួមសម្ដែងប្រកួតក្នុងពិធីបុណ្យទន្លេ ដើម្បីឱ្យព្រឹត្តិការណ៍កីឡាកាន់តែអធិកអធម ក្រៅ​ពីកីឡាប្រដាល់គុនខ្មែរ និងកម្មវិធីកីឡាជាច្រើនទៀត។ លើស​ពី​នេះ​ក៏​ត្រូវ​មាន​ការ​ណែនាំឱ្យមានការឃោសនាផ្សព្វផ្សាយពីការសម្ដែងសិល្បៈរបាំ ល្ខោន​បាសាក់ ការប្រគំតន្ត្រី ដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកជនបទ ដើម្បី​ឱ្យ​ប្រជាជន​បាន​ទស្សនា​ការ​សម្ដែង​សិល្បៈល្អៗមកពីថ្នាក់ជាតិ និងផ្សព្វផ្សាយពីវប្បធម៌ជាតិដល់ពួកគេផងដែរ។ និង​ត្រូវ​ខិតខំ​រៀបចំ​វិថី​ម្ហូបអាហារ​ឱ្យបានត្រឹមត្រូវ ដើម្បី​បម្រើ​សេវា​ម្ហូបអាហារ​ជូន​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ពិធី​បុណ្យ​ទន្លេ៕

អត្ថបទ៖ ម៉េងងី

;