បរិវេណខាងលិចប្រាសាទអង្គរវត្ត នឹងកែប្រែមុខមាត់ថ្មីឆាប់ៗនេះ

  • 2020-02-24 10:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធ សម្បទាទេសចរណ៍ ទេស​ភាព និង​បរិស្ថាននៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ ក្នុង​ទិស​ដៅ​លើក​គុណ​តម្លៃ​អង្គរ​ដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។

រូបភាព៖ អាជ្ញាធរជាតិអប្សរា
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិ​អប្សរា​បាន​ចាប់​ផ្តើមអនុវត្តគម្រោងកែលម្អផ្លូវ រៀបចំប្រព័ន្ធរំដោះទឹក សួនច្បារ និងផ្លូវថ្មើរជើង ត្រង់​ចំណុច​អក្សរ​តេ ចាប់ពីចំណុចមុខនាគនៃស្ពានហាលប្រាសាទអង្គរវត្ត ទៅដល់ផ្លូវបំបែកទៅត្រពាំងសេស ដោយ​មានប្រវែង២៩០ម៉ែត្រ ទទឹង៨ទៅ១៣ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)។

ក្រុមការងារកំពុងកាត់ដកហូតដើមឈើងាប់ និងដើមឈើពុំបានការមួយចំនួនដូចជាដើមពុទ្រា ដើម​អំពិល​ទឹក​ជាដើម និងដាំជំនួសមកវិញនូវដើមឈើប្រណិត ហើយនឹងរៀបចំផ្លូវថ្មើរជើង ដែល​មាន​ដាំ​ស្មៅ និង​ដើមឈើអមសងខាង ឱ្យមានភាពបៃតងជាប្រចាំសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ​ធ្វើ​ដំណើរ​ទស្សនា​ប្រាសាទ​អង្គរវត្តដោយសោមនស្សរីករាយ។

ក្នុងពេលកំពុងអនុវត្តកិច្ចការងារនេះ ឯកឧត្តមបញ្ជាក់ថា ពិត​ជា​មាន​ផល​រំខាន​ដល់​អាជីវ​ករ​លក់​ដូរ​នៅ​ទីនេះខ្លះ និងសុំការយោគយល់ពីសំណាក់អាជីវករទាំងអស់ ព្រម​ទាំង​សូម​ឱ្យ​មាន​ការ​ចូល​រួម​ដើ​ម្បី​កែប្រែសោភ័ណភាពមុខប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ចំ​ផ្លូវ​ថ្មើរជើងបណ្តោះអាសន្ន ចាប់ពីចំណតរថយន្តទៅស្ពានបណ្តែតទឹក សម្រាប់​សម្រួល​ដល់​ភ្ញៀវ​ទេសចរ និងរៀបចំច្រកចេញចូលជាបណ្តោះអាសន្នសម្រាប់អាជីវករនៅត្រពាំងសេសផងដែរ។

លោក​បន្ថែមថា គម្រោងដែលកំពុងតែអនុវត្តនេះ នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២០ខាងមុខ ហើយ​វា​ជា​គម្រោង​មួយក្នុងចំណោមគម្រោងធំៗផ្សេងៗទៀតនៅបរិវេណនេះដូចជា ការ​រៀប​ចំ​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលមានកន្លែងទទួលភ្ញៀវ កន្លែងផ្តល់ព័ត៌មាន កន្លែងតាំងពិព័រពណ៍ តូបលក់ដូរសម្រាប់ប្រជាជនក្នុងស្រុក និងកម្រិតអន្តរជាតិ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;