ភ្នាក់ងារទេសចរណ៍ ៣០នាក់ទៀតទទួលការបណ្ដុះបណ្ដាលពីការសង្គ្រោះបឋម

  • 2020-02-25 04:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរារៀបចំវគ្គសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ជាលើកទី៥ ដល់​ភ្នាក់ងារ​ទេសចរណ៍​ប្រចាំ​ប្រាសាទគោលដៅ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសជប៉ុន (អង្គការ Srolanh project NPO) សហការ​ជាមួយ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិអប្សរា។ វគ្គបណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​កាល​ពីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

រូពភាព៖ អាជ្ញាធរជាតិអប្សរា
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួល​បន្ទុកនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ មានប្រសាសន៍ថា កន្លងមកនាយកដ្ឋានបានរៀបចំវគ្គសង្រ្គោះបឋមបាន៤លើករួចមកហើយ ដែល​អ្នកចូលរួមសរុប១៦០នាក់។ ចំណែកលើកទី ៥នេះ មានអ្នកចូលរួម ៤០នាក់ គឺភ្នាក់​ងារ​ទេសចរណ៍ ៣០នាក់ សណ្តាប់ធ្នាប់១០នាក់។

ចំពោះវគ្គសង្គ្រោះបឋមនេះ ត្រូវបានរៀបចំ ២ដងក្នុងមួយឆ្នាំ គឺរៀងរាល់ខែកុម្ភៈនិងខែកក្កដា ដែល​ផ្តោតលើមេរៀនសំខាន់ៗដូចជា ការធ្វើចលនាបេះដូង របៀបរុំរបួស ការលើកជនរងគ្រោះ។ល។

លោក​បានបញ្ជាក់ថា ការផ្តល់ចំណេះដឹងផ្នែកសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍តាមប្រាសាទ ជា​ភារកិច្ចចាំបាច់បំផុតសម្រាប់អាជ្ញាធរជាតិអប្សរា ដើម្បី​ឱ្យ​ភ្នាក់​ងារ​ទេសចរណ៍​អាច​មើល​ថែ​និង​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរបានទាន់ពេលវេលា ករណីភ្ញៀវជួបគ្រោះថ្នាក់ជាយថាហេតុ។ កាយ​វិការ​និង​ការ​គិតគូរពីសុខទុក្ខ សុវត្ថិភាពចំពោះភ្ញៀវដូច្នេះ កន្លងមកទទួលបានការគាំទ្រ ការ​ថ្លែង​អំណរ​គុណ និង​ការ​កោតសរសើរយ៉ាងខ្លាំងចំពោះស្ថាប័នមួយនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;