ដឹង​ថ្ងៃ​បើកការដ្ឋាន​សាង​សង់ផ្លូវកាត់ថ្មី​ពីសំឡូត ទៅ​កោះកុង និងការ​សម្ពោធផ្លូវជាតិលេខ៥៥ ជាផ្លូវការហើយ

  • 2020-02-26 13:17:00
  • ចំនួនមតិ 3 | ចំនួនចែករំលែក 73

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធជាផ្លូវការ​ផ្លូវជាតិលេខ៥៥ ពីវាលវែង ទៅថ្មដា ខេត្តពោធិ៍សាត់ ហើយជាមួយគ្នានោះ នឹងបើកការដ្ឋាន​សាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវកាត់ថ្មីពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០​ខាងមុខនេះ។ សម្តេច​បាន​ថ្លែងឱ្យដឹងដូច្នេះ ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្ត​ឧត្តរមានជ័យ នាព្រឹកថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ផ្លូវ​ជាតិលេខ៥៥ សាងសង់ឡើង​ក្រោមហិរញ្ញប្បទានសម្បទាន​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិត​ចិន រួមជាមួយ​នឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង ១៣២,៨០ លានដុល្លារ​សហរដ្ឋអាមេរិក។ ផ្លូវនេះ​មាន​ប្រវែង​ជាក់ស្តែង​សរុប​ចំនួន ១៨០​គីឡូម៉ែត្រ ​ទទឹង​៩ម៉ែត្រ និង​ស្ពានចំនួន៤៥ ជា​ប្រភេទផ្លូវDBST គិតចាប់ពី​ផ្លូវប្រសព្វផ្លូវ​ជាតិ​លេខ៥ (១៩១+១៥០) រហូតដល់​ភ្នំក្រវាញ-ទីរួមស្រុក​វាលវែង-ថ្មដា ខេត្ត​ពោធិ៍សាត់ (ព្រំដែន​កម្ពុជា-ថៃ ខេត្ត​ត្រាត)។

គម្រោងផ្លូវនេះ​បានចាប់ដំណើរការ​បើកការដ្ឋានសាងសង់​នៅថ្ងៃទី០៤ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រោមអធិបតីភាព​សម្តេច ហ៊ុន សែន ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​អស់ចំនួន​៤២ខែ។ ផ្លូវ​នេះ​សាងសង់​ដោយ​សាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការ​ត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​ពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃ​សាធារណរដ្ឋ ប្រជាមានិតចិន។​

ចំណែក​គម្រោង​សាងសង់ផ្លូវកាត់ថ្មីចេញពីសំឡូត ទៅថ្មដា រួចទៅកាន់ខេត្តកោះកុងនោះ សម្តេច​ ហ៊ុន សែន ធ្លាប់​លើកឡើងថា អាចចំណាយដល់ជាង ២០០លានដុល្លារ។ សម្តេច​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវកាត់​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ពេលវេលានៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ពោលគឺ​ចំណេញ​ចម្ងាយ​ផ្លូវ​ប្រមាណ ១០០​គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

;