មេទ័ព​ជើងគោក​ជប៉ុន៖ ជប៉ុន​ចាត់ទុក​កម្ពុជា ជាប្រទេស​ពិសេស​ក្នុងការ​ដោះមីន

  • 2020-02-28 06:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Goro YUASA មេបញ្ជាការ​កងស្វ័យ​ការពារ​ទ័ព​ជើងគោក​នៃ​ប្រទេស​ជប៉ុន បាន​លើកឡើង​ថា ជប៉ុន​ចាត់ទុកថា​ ប្រទេសកម្ពុជា​គឺជា​ប្រទេសពិសេស​ក្នុងការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ក្នុងការ​ដោះមីន​។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០។

ក្នុង​ជំនួបនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើដល់​ប្រទេសជប៉ុន រួមមាន៖

ទី១. សម្ដេចតេជោ បានស្នើឱ្យជប៉ុនមានការគាំទ្ររវាងកិច្ចសហប្រតិបត្តិការកងទ័ពមួកខៀវរបស់ប្រទេសជប៉ុន និងកងទ័ពមួកខៀវរបស់ប្រទេសកម្ពុជា ដែលប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ទី២. សម្ដេចតេជោ បានស្នើឱ្យប្រទេសជប៉ុនចូលរួមបណ្ដុះបណ្ដាលកងប្រដាប់អាវុធក្នុងប្រទេសកម្ពុជា ជាពិសេសទ័ពមួកខៀវក្នុងប្រទេសកម្ពុជាមុនបញ្ជូនចេញទៅចូលរួមថែរក្សាសន្តិភាពតាមបណ្ដាប្រទេសផ្សេងៗ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោក៏ស្នើសុំជប៉ុនឲ្យមានការគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដោយសារយើងមានទីតាំងនៅកម្ពុជាដែលជាកន្លែងបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដោះមីនផងដែរ។ លើសពីនេះទៀត សម្ដេច​ក៏បានស្នើសុំឱ្យជប៉ុនចូលរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងរបស់កម្ពុជានៅក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារជប៉ុនមានបទពិសោធន៍ច្រើនក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយ។ ជាក់ស្តែងសម្តេចបានលើកឧទាហរណ៍ ដូចជាករណីបាក់រលំអគាររនៅខេត្តកែប និងខេត្តព្រះសីហនុជាដើមដែលកងកម្លាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រតិបត្តិការនៃការជួយសង្គ្រោះនេះ។

ជាការ​ឆ្លើយតប លោក Goro YUASA នឹងរាយការណ៍នូវសំណើនេះទៅរដ្ឋាភិបាលប្រទេសជប៉ុន ហើយជាពិសេសទៀតគឺការជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដែលមានទីតាំងបណ្ដុះបណ្ដាលនៅកម្ពុជា។ ទន្ទឹមនឹងនេះ ហើយលោកសន្យាថានឹងធ្វើកិច្ចការងារនេះជាមួយនឹងលោក ហ៊ុន ម៉ាណែតផ្ទាល់។ ជាមួយគ្នានេះផងដែរ ជប៉ុននឹងពិចារណាក្នុងការជួយដល់កងទ័ពមួកខៀវកម្ពុជាក្នុងការបណ្ដុះបណ្ដាលមុននឹងចេញទៅក្រៅប្រទេសផងដែរ។ ហើយពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយនេះ លោកក៏មានគោលបំណងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងគោកនៃប្រទេសកម្ពុជាផងដែរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;