គយ​ប្រកាស​ឈប់ប្រើ​បង្កាន់ដៃពន្ធយានយន្ត​ដែលសរសេរដោយដៃ

  • 2020-03-04 04:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា (អគរ) បាន​ប្រកាស​បញ្ឈប់​ការប្រើប្រាស់​បង្កាន់ដៃ​ពន្ធយានយន្ត​ដែលសរសេរដោយដៃ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់ អគរ កាលពីថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០។

ក្នុងសេចក្តី​ជូនដំណឹងនេះលើកឡើងថា កន្លងមកនេះ​ដោយសារ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មគយ ពុំទាន់​គ្របដណ្តប់​ពេញលេញ​នៅទូទាំងប្រទេស​ មានការិយាល័យគយ​ និង​រដ្ឋាករ​មួយ​ចំនួន បាន​ចេញ​បង្កាន់​ដៃពន្ធយានយន្ត​សរសេរដោយដៃជូនធុរជន ហើយ​បង្កាន់​ដៃទាំងនោះ អាចនៅពុំទាន់​បាន​ប្រើប្រាស់​ក្នុងការ​ចុះបញ្ជី​ធ្វើផ្លាកលេខ​នៅឡើយ។

ក្នុង​ន័យ​ខាងលើនេះ ផ្អែក​តាម​យន្តការ​នៃការតភ្ជាប់​រវាង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មគយ និង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មចុះ​បញ្ជី​យានជំនិះ និង​ដើម្បី​សម្រួល​ដល់នីតិវិធី នៃការចុះបញ្ជី​តាមប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មចុះ​បញ្ជីយាន​ជំនិះ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អគរ បញ្ជាក់ថា គ្រប់​បង្កាន់ដៃ​ពន្ធ​យានយន្ត​ដែលបាន​សរសេរដោយ​ដៃ មានថិរវេលា​មិនលើសពី ១០ឆ្នាំ (ផ្អែកតាមច្បាប់​ស្តីពីគយ) ត្រូវ​យក​មក​បញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្មគយ​ឡើងវិញ នៅអគរ (សាខាគយ និងរដ្ឋាកររាជធានី​ភ្នំពេញ) រៀងរាល់ម៉ោងធ្វើការ។

អគរ មិនទទួលខុសត្រូវ​រាល់ការខាតបង់​នានា ដែលបណ្តាលមកពីការ​ខកខាន​មិនបាន​អនុវត្ត​នូវយន្តការ​ខាងលើនេះ​ឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;