លោក ប្រាក់ សុខុន រីករាយ​ដែល​ឃើញមាន​អ្នកចូលរួម​ពិធី «ASEM DAY» ច្រើន ទោះ​កំពុងផ្ទុះ​កូរ៉ូណា

  • 2020-03-10 08:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រារព្ធទិវា ASEM DAY នៅថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២០ នៅ​បរិវេណ​ខាងមុខវត្តបទុមវតី រាជធានី​ភ្នំពេញ ដើម្បីផ្សព្វផ្សាយ​ជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេស​យុវជន​កម្ពុជា អំពីសារៈ​សំខាន់​នៃការរៀបចំ​កិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ឆ្នាំ២០២០ និង ព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែល​កម្ពុជា​នឹងប្រារព្ធ​ធ្វើក្នុងនាម​ជាម្ចាស់ផ្ទះ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែងថា ​ពិតជា​មានសេចក្តីសោមនស្សក្រៃ​លែង​ ដែលបាន​មក​ឃើញការជួប​ជុំ​ដ៏ធំ​បែបនេះ ដើម្បី​អបអរសាទរ​ទិវា ASEM DAY នៅ​ថ្ងៃនេះ។

លោក​បន្តថា «ហេតុអ្វីខ្ញុំនិយាយបែប​នេះ​?» ក្នុង​ពេលដែល ពិភពលោកកំពុងរវល់​ទប់ស្កាត់​ការរីករាលដាលនៃវីរុសកូរ៉ូណាដែលគេឲ្យឈ្មោះ​ផ្លូវការថា ខូវីដ​-១៩ (COVID-19) មាន​ព្រឹត្តិការណ៍ផ្លូវការ និងសន្និសីទជាច្រើនដែល​បានគ្រោងរៀប​​ចំ​ទុក​ជាមុនអស់​ជាច្រើនខែ​នៅតាម​តំបន់​នានា​ទូទាំង​ពិភពលោក ​ត្រូវបាន​​លុបចោលឬ​ពន្យារ​ពេល​ដោយ​សារការភ័យខ្លាច​ការរីករាលដាលនៃវីរុសនេះ។ ពាក់​ព័ន្ធនឹង​​កម្ពុជាវិញក៏មានរឿងបែបនេះដែរ តួយ៉ាងកិច្ច​ប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅឡាសវេហ្គាស ដែលបានត្រៀមធ្វើឡើងនៅ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ត្រូវ​លើកទៅ​ពេលក្រោយ។​ ​​កម្ពុជាក៏បាន​លើក​ពេល​​នៃកិច្ច​ប្រជុំ​​ចង្អៀតឧត្តម​មន្រ្តី​អាស៊ី​-អឺរ៉ុប ​​(ASEM SOM Retreat) ​ផង​ដែរ​​ដោយ​សារ​តែវិបត្តិវីរុសនេះ​នៅអឺរ៉ុប។​

«មកដល់ពេលនេះប្រទេសយើង​ជួបប្រទះករណីតិចតួចបំផុត ប៉ុន្តែរាជរដ្ឋាភិបាលកំពុង ចាត់វិធានការយ៉ាងប្រុងប្រយ័ត្នទុក​ជាមុនដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះហើយយើងកំពុងតែ សហការជាមួយអង្គការសុខភាពលំដាប់​ពិភពលោកនានាផងដែរ​​។ ការចូលរួមដ៏ច្រើន​កុះកររបស់ អ្នកទំាងអស់គ្នានៅថ្ងៃនេះគឺជាការបង្ហាញ​នូវ​ទំនុក​ចិត្ត​របស់​អ្នក​ទាំង​អស់គ្នា​មកលើ​​កិច្ចខិតខំប្រឹង ប្រែងរបស់រាជ​រដ្ឋាភិបាលក៏ដូចជាបង្ហាញ​នូវ​ការចូលរួមចំណែកដល់ការរក្សាភាពប្រក្រតីនៅក្នុង ប្រទេស។ យ៉ាងណាក៏ដោយជីវិតត្រូវតែបន្តទៅមុខទៀត»។ លោក​ឧបនាយករដ្ឋមន្រ្តី បន្ថែម។

លោក ប្រាក់ សុខុន លើកឡើង​ថា ហេតុអ្វីក៏​វិបត្តិ ​ COVID-19 ជា​សកលនេះ មានភាព​ពាក់​ព័ន្ធ​​និងមានអត្ថន័យជ្រាល​​ជ្រៅ​​ចំពោះការ​រៀបចំទិវា ASEM DAY នៅកម្ពុជានាថ្ងៃនេះ? ហេតុអ្វីបានជាកិច្ច​ប្រជុំ ASEM មានសារៈសំខាន់ខ្លាំង​មិនមែន​គ្រាន់​តែ​​សម្រាប់​កម្ពុជា ប៉ុន្តែគឺ​សម្រាប់ទ្វីប​អាស៊ី-អឺរ៉ុបរួម​ទាំង​ពិភពលោកទាំងមូលផង​ដែរ​។ ដូចជាបញ្ហា​វីរុសនេះអញ្ចឹង​ បញ្ហាឆ្លងប្រទេសនិងបញ្ហាប្រឈមនានា​ជាច្រើនមិនអាចដោះស្រាយ​បាន​ដោយប្រទេសតែមួយនោះ​ទេមិន​ថា​ប្រទេសនោះ​ធំប៉ុណ្ណា ​និង​មានធនធានច្រើន​យ៉ាងណានោះទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;