សមយុទ្ធ​នាគមាស​រវាងកងទ័ព​កម្ពុជា-ចិនឆ្នាំនេះ ធ្វើឡើង​ធំជាងឆ្នាំមុន

  • 2020-03-16 01:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​កម្ពុជា-ចិន បាន​បើកការ​ធ្វើសមយុទ្ធ​នាគមាស​ឆ្នាំ២០២០ នៅទីលាន​បាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់​កងពល​តូចថ្មើរ ជើង​លេខ៧០ ស្ថិតក្នុង​ភូមិអូរ ឃុំ​ត្រពាំងរាំង ស្រុក​ជុំគិរី ខេត្ត​កំពត កាលពី​ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ​២០២០។

បើតាម​សេចក្តី​រាយការណ៍​របស់​ប្រធាន​ក្រុមការងារ​ដឹកនាំ​ធ្វើសមយុទ្ធ​ប្រទេស​ទាំងពីរ បាន​ឱ្យដឹង​ថា សមយុទ្ធ​ឆ្នាំនេះ មាន​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ ខែ​មីនា ដល់ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២០ ដោយមាន​ការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង​៣ពាន់នាក់ អមដោយ​អាវុធយុទ្ធភណ្ឌធុនធ្ងន់ រថក្រោះរថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអះអាងថា សមយុទ្ធកងទ័ពកម្ពុជា-ចិន មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញគឺជាការ ប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក។

លោក វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូតចិន បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។

រីឯនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២០ បានធ្វើឡើងរយៈពេល៤ឆ្នាំមកហើយ ដែលជាកិច្ចសហការរួមគ្នាក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ សមយុទ្ធនាគមាសឆ្នាំ២០២០លើវិញ្ញាសារ"សមយុទ្ធរួមគ្នាប្រឆាំងអំពើភេរវកម្ម និងការងារមនុស្សធម៌"។

សមយុទ្ធនាគមាសឆ្នាំ២០២០ មានវិញ្ញាសារសមយុទ្ធរួមគ្នាសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ និងការរួមគ្នាប្រឆាំងភេរវកម្ម។ ការប្រើកម្លាំងកងទ័ពចិនមានចំនួន ២៦៥នាក់។ចំពោះកងយោធពលខេមរមិន្ទ មានចំនួន២៧៤៦នាក់ កម្លាំងធ្វើសមយុទ្ធជាង៤០០នាក់។ចំពោះសម្ភារៈ​ធ្វើសមយុទ្ធឆ្នាំនេះមានទ្រង់ទ្រាយធំជាងឆ្នាំមុនៗមានការប្រើប្រាស់រថក្រោះ កាំភ្លើងធំគាំទ្រ កាំភ្លើងត្បាល់ និងឧទ្ធម្ភាគចក្រ។

នាយឧត្តមសេនីយ៍ ឥតសារ៉ាត់ មានបញ្ជាក់ទៀតថា កងទ័ពចិនដែលមកធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០សុទ្ធតែត្រូវបានធ្វើការត្រូវពិនិត្យ សុខភាពយ៉ាងម៉ឹងម៉ាត់ និងដឹកជញ្ជូនតាមយន្តហោះយោធាចិន និងមានក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យសុខ ភាពកងទ័ពចិនជាប្រចាំ ពេលស្នាក់នៅធ្វើសមយុទ្ធ ជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;