ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា លើការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ

  • 2020-03-16 07:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ISHIKAWA Hiroshi អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន និងជា​ជំនួយការ រដ្ឋមន្រ្តី​ការបរទេសជប៉ុន បានថ្លែងបញ្ជាក់ថា ជប៉ុននឹងបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជា​នយោបាយ ព្រមទាំងដំណើរការលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ផងដែរ។

ការ​ថ្លែងខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស។

រូបថត៖ ក្រសួងការបរទេស
លោក ISHIKAWA Hiroshi បានបន្តថា ទំនាក់ទំនងកម្ពុជា ជប៉ុន មានការកើនឡើងជាលំដាប់ ជាពិសេសទំនាក់ទំនងឈានដល់ដៃគូរជាយុទ្ធសាស្ត្រតាំងពីឆ្នាំ២០១៣មក។ ហើយជប៉ុននឹងរៀបចំឲ្យមានវេទិកាអាស៊ីប៉ាស៊ីហ្វិក ស្តីពីបញ្ហាទឹកនៅខែតុលាខាងមុខនេះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅចូលរួមប្រជុំផងដែរ។ ជប៉ុនក៏នឹងរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គនៅខែវិច្ឆិកាខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបថា លោកនឹងទៅចូលរួមកិច្ចប្រជុំទាំងពីរ គឺមានវេទិកាអាស៊ីប៉ាស៊ីហ្វិក ស្តីពីបញ្ហាទឹក និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ។

លោកបានបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកម្ពុជា ជប៉ុន មានសារសំខាន់ និងជម្រុញអោយប្រទេសទាំងាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

លោក ISHIKAWA Hiroshi បានរម្លឹកថា កាលពីឆ្នាំ១៩៩០ លោកធ្លាប់មកកម្ពុជាម្តង ដែលពេលនោះកម្ពុជាទើបរួចពីសង្គ្រាម និងវិបត្តិផ្សេងៗ។ ហើយនៅពេលលោកមកកម្ពុជាលើកនេះ គឺកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង រួមទាំងាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ចកិច្ច ក៏ដូចជាស្ថិរភាព​ផ្នែកនយោបាយ ដោយប្រជាជនកម្ពុជារស់នៅ​សប្បាយរីករាយ និងមានជីវភាពធូរធារ។

ចំណែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកលោក ISHIKAWA Hiroshi អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន និងជាជំនួយការ រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបាន​ដឹកនាំគណៈប្រតិភូ​មក​កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ​ពិគ្រោះយោបល់​ទ្វេភាគីជាមួយ​ក្រសួង​ការបរទេស​កម្ពុជា។

លោក ប្រាក់ សុខុន បានលើកឡើងពីកិច្ចពិភាក្សាកន្លងមកជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជំរុញ​ឲ្យទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈកាន់តែរឹងមាំបន្ថែមទៀត។ រហូតមកដល់ពេលនេះ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ជប៉ុន បាន​កើនឡើង​ជាលំដាប់ ជាពិសេស​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃប្រទេសទាំងពីរ​ជាបន្តបន្ទាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;