រដ្ឋបាល​ខេត្តព្រះសីហនុ ត្រៀម​លក្ខណៈ​យ៉ាងណាខ្លះ ក្រោយ​មាន​ករណីកូវីដ១៩ ច្រើន​ជាងគេ?

  • 2020-03-23 06:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីខេត្តព្រះសីហនុ ជួបករណីឆ្លងកូវីដ១៩ ច្រើន​ជាងគេ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ​បន្ទាន់មួយនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២០។

ក្នុងកិច្ចប្រជុំ​បន្ទាន់នេះ លោក​អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ សំខាន់ៗដូចខាងក្រោម៖

-រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺមានតែការបិទសណ្ឋាគារមួយ តែប៉ុណ្ណោះ -រដ្ឋបាលខេត្តបានត្រៀមសណ្ឋាគារចំនួន២ សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ និងអគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ស្មើនឹង ៤២គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀតសម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។

-ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ សូមដាក់ឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។ ប្រសិនបើមានករណីសង្ស័យមានកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការនៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខ ទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន។

-អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាននិងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។

ជាការអំពាវនាវរបស់ លោក គួច ចំរើន បាន​ថ្លែងថា៖ «ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែនៅក្នុងផ្ទះរៀងៗខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជំងឺ​កូវីដ១៩ លើកលែងតែអ្នក​ដែលមានការចាំបាច់។ ហើយក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេ គឺមិនបាច់ជួបជុំគ្នាទេ​នាំគ្នាធ្វើការ​តាមប្រព័ន្ធ​អនឡាញ នាំគ្នាធ្វើការ​តាមទូរសព្ទ​ក៏បានដែរ។ សូមណែនាំឱ្យមន្ត្រីយើងទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលយើងដឹងថា គាត់មានការសង្ស័យឬការពាក់ព័ន្ធនឹងអ្នកដែល អាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន»។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២០ ខេត្តព្រះសីហនុ មានករណីឆ្លងកូវីដ១៩ សរុបចំនួន ៣៤នាក់ ក្នុងនោះ ១នាក់ជាជនជាតិចិន ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់ទៀតជាបុរសបារាំងវ័យ៦៧ឆ្នាំ ត្រូវបាន​យកមកព្យាបាល​នៅរាជធានីភ្នំពេញ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;