ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង ៣០០លានដុល្លារលើគម្រោងហិរញ្ញប្បទាន ៣នៅកម្ពុជា

  • 2020-03-23 07:31:07
  • ចំនួនមតិ 5 | ចំនួនចែករំលែក 41

ចន្លោះមិនឃើញ


ប្រទេសជប៉ុន នឹងផ្តល់ជំនួយដែលមានទឹកប្រាក់សរុបចំនួន ៣៤ ១៣៨ លានយ៉េន (ប្រមាណ ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណង។ ការផ្ដល់​ជំនួយនេះ ធ្វើឡើងក្នុងពិធី លិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ​បរទេស និងសហ ប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ស្អែកនេះ។

ការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន ២គម្រោង ដូចខាងក្រោម៖

ក. ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖

១. គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រមាណ ៣១លានដុល្លារអាមេរិក)

២. គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លានដុល្លារអាមេរិក)

៣. គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក) ។

ខ. ឥណទានសម្បទាន សម្រាប់អនុវត្ត៖

១. គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ១៦១លានដុល្លារអាមេរិក)។

២. គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះនឹង ជួយ លើក​កម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រម ទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ៕

អត្ថបទ៖ កុសល

;