ជំនួយ និងកម្ចីជប៉ុន មកកម្ពុជា ៣១០លានដុល្លារ ផ្តោតលើការសង់ផ្លូវជាតិលេខ៥ ទឹកស្អាត និង​បោសសម្អាតមីន

  • 2020-03-24 02:25:46
  • ចំនួនមតិ 6 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤ ១៣៨ លានយ៉េន (ប្រមាណ ៣១០លាន​ដុល្លារ​អាមេរិក) ជូនចំពោះ​រាជរដ្ឋាភិបាលកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើង​នៅវិមានសន្តិភាព ដោយ​លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់​លើការអនុវត្តគម្រោងហិរញ្ញប្បទានឥត​សំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូចខាងក្រោម៖

ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖

ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)

ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

ឥណទានសម្បទាន សម្រាប់អនុវត្ត៖

ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

;