លោកស្រី ឱ វណ្ណឌីន បញ្ជាក់រឿងជនជាតិឥណ្ឌូណេស៊ីដែលផ្ទុកកូវីដ១៩ ចេញពីថៃ មកកម្ពុជា
- 2020-03-27 00:41:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ឱ វណ្ណឌីន បញ្ជាក់រឿងជនជាតិឥណ្ឌូណេស៊ីដែលផ្ទុកកូវីដ១៩ ចេញពីថៃ មកកម្ពុជា
ចន្លោះមិនឃើញ
កាលពីយប់មិញ ក្រសួងសុខាភិបាលបានរកឃើញជនជាតិឥណ្ឌូណេស៊ី ២រូបវិជ្ជមានកូវីដ១៩ នៅខេត្តសៀមរាប។ ការពិតគឺពួកគេបានធ្វើតេស្តសុខភាព និងដឹងលទ្ធផលរួចមកហើយនៅក្រុងបាងកក ប្រទេសថៃ ប៉ុន្តែដោយសារគ្មានលុយព្យាបាលនៅថៃ ក៏សម្រេចចិត្តមកកម្ពុជា ដែលគ្មានការបង់ថ្លៃក្នុងការព្យាបាលជំងឺនេះឡើយ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់តាមបណ្តាញ Telegram ថា នៅពេលអ្នកជំងឺទាំងពីរ មកកម្ពុជា តាមច្រកប៉ោយប៉ែត គឺគ្មានចេញរោគសញ្ញាអ្វីឡើយ ពោលគឺពេលស្កេនអ្នកទាំង២ ឃើញថាគ្មានការឡើងកម្តៅអ្វីទេ។ ចំពោះកាលបរិច្ឆេទដែលពួកគេចូលមក មិនត្រូវបានលោកស្រីបញ្ជាក់ឱ្យដឹងឡើយ។
អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់មក ជនជាតិឥណ្ឌូណេស៊ី ទាំង២ បានម៉ៅរថយន្តមួយ (ជិះតែ២នាក់នេះទេ និងអ្នកបើកបរ) ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ហើយគ្មានការទាក់ទងជាមួយនរណាផ្សេងទៀតឡើយ។ ពួកគេបានទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយរៀបរាប់ប្រាប់គ្រូពេទ្យថា ខ្លួនមានផ្ទុកកូវីដ១៩។ លុះដល់ធ្វើតេស្ត ទើបឃើញថា ពិតជាវិជ្ជមានជំងឺនេះមែន។
បច្ចុប្បន្ន បុរសជនជាតិឥណ្ឌូណេស៊ីទាំង២រូប ដែលមានអាយុ៤១ឆ្នាំ និង ៤៤ឆ្នាំខាងលើ ត្រូវបានដាក់ឱ្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តសៀមរាប៕