ប្រជាពលរដ្ឋខ្មែរជាង ៤ម៉ឺននាក់ វិលត្រឡប់ពីថៃមកកម្ពុជាបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩

  • 2020-03-27 01:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរពីប្រទេសថៃមកកម្ពុជាវិញ មានចំនួនប្រមាណជាង ៤ម៉ឺននាក់ ។ ចំនួននេះ គឺគិតចាប់ពីថ្ងៃទី២២ ខែមករា មកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

សម្ដេចក្រឡាហោមក៏បាន​បន្តថា ការក្ដាប់វត្តមានពួកកាត់មានសារៈសំខាន់ណាស់ ដូច្នេះអភិបាលរាជធានី ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់ឃោសនាអប់រំផ្សព្វផ្សាយនៅចំណុចក្ដៅៗនៃបញ្ហានេះដល់ប្រជាពលរដ្ឋ ពិសេសការនៅជួបជុំគ្នា។ សម្ដេច​ក្រឡាហោមបានបន្ថែមថា ក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺកូវីដ១៩ មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានសម្រុកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ដូច្នេះមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ពលរដ្ឋយើងឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធាន​ការ​ម៉ឺងម៉ាត់តាមក្បួនសុខាភិបាល។ អាជ្ញាធរខេត្តឧត្តរមានជ័យក៏ត្រូវស្នើសុំកិច្ចសហការជាមួយភាគីថៃដើម្បីកំណត់ជាក់លាក់នូវច្រកអនុញ្ញាតឱ្យពលរដ្ឋឆ្លងដែនវិលចូលប្រទេសដែរ។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវត្រៀមមន្ត្រីពាក់ព័ន្ធនៅតាមបណ្ដាច្រករបៀងមួយចំនួនដែរ ដើម្បីធានាថា ប្រសិនពលរដ្ឋខ្លះងាកទៅឆ្លងដែនតាមច្រករបៀង គឺយើងអាចគ្រប់គ្រងពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ហើយតំណាលគ្នានេះក៏ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំពួកគាត់ឱ្យបានដឹងពីសារៈសំខាន់នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ពេលធ្វើដំណើរទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះដល់ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;