ភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង៣ថ្ងៃជាប់ៗគ្នាហើយ

  • 2020-04-09 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


៣ថ្ងៃជាប់ៗគ្នាមកនេះ គឺពីថ្ងៃទី៧-៨-៩ មេសា ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះសុទ្ធតែជាអ្នកនៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី ៧មេសា ក្រសួង​រកឃើញ​អ្នកជំងឺកូវីដ១៩ ចំនួន១នាក់​ដែល​ជាស្រ្តីទេសចរ​ជនជាតិវៀតណាម​អាយុ ២៧ឆ្នាំ ដោយត្រូវបាន​ឱ្យសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ស្រ្តីរូបនេះ មាន​មិត្តប្រុសជាជនជាតិចិន ដែលផ្ទុកកូវីដ១៩ ហើយបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី៣មេសា។

នៅថ្ងៃទី៨ ខែមេសា ក្រសួង​បាន​រកឃើញ​អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលជាប្តីប្រពន្ធជនជាតិខ្មែរ នៅសង្កាត់ជ្រោយចង្វារ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅមណ្ឌល​សុខភាព​ចាក់អង្រែក្រោម។ បុរសជាប្តី គឺជាមិត្តភក្តិ​ជនជាតិចិនខាងលើ។

នៅថ្ងៃទី៩មេសានេះ ក្រសួង​រកឃើញ​អ្នកជំងឺកូវីដ១៩ ចំនួន១នាក់ ដែលកើតឡើង​លើ​ជនជាតិចិន ជាអ្នកទេសចរអាយុ ៣០ឆ្នាំ និង​ចង់រកស៊ីបើកហាងនៅកម្ពុជា ស្នាក់នៅបណ្តោះអាសន្ន​ នៅរាជធានី​ភ្នំពេញ ជាករណីប៉ះពាល់​ផ្ទាល់​ជាមួយគូសង្សារដែលជាបុរសចិនខាងលើ។

គិតមកត្រឹមព្រឹកនេះ ភ្នំពេញ មានអ្នកជំងឺកូវីដ១៩​ចំនួន ២៤នាក់ហើយ ក្នុងនោះជាសះស្បើយ ១៤នាក់ ប៉ុន្តែមានលាប់ជំងឺឡើងវិញម្នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;