ចាំពៅវិលវិញ បទ​ចម្រៀង​របស់​ប្រទេស​លុច​ហ្សឹម​ប៊ួ ដែល​រសាត់​មក​ដល់​កម្ពុជា

  • 2017-05-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ ១៩៦៧ នៅ​ក្នុង​ការ​ប្រឡង​ចម្រៀង Eurovision Song Contest លើក​ទី​១២ នា​ទី​ក្រុង​វីយែន ប្រទេស​អូទ្រីស ប្រទេស​លុច​ហ្សឹម​ប៊ួ បាន​យក​ចម្រៀង​មួយ​បទ​ទៅ​ចូល​រួម​ប្រឡង។ បទ​នោះ​​មាន​ចំណង​ជើងថា L' Amour Est Bleu ដែល​ច្រៀង​ជា​ភាសា​បារាំង (ភាសា​ជាតិ) ដោយ​​អ្នក​​ចម្រៀង​ឈ្មោះ Vicky Leandros។ ក្នុង​ការ​ប្រឡង​នោះ បទ​ចម្រៀង    L' Amour Est Bleu ជាប់​ចំណាត់​ថ្នាក់​លេខ ៤។

បទ L' Amour Est Bleu និពន្ធ​ទំនុក​ច្រៀង​ដោយ  Pierre Cour និពន្ធ​បទ​ភ្លេង​ដោយ​ André Popp ។  បទ​ចម្រៀង​នេះ ច្រៀង​រាប់​អំពី​ភាព​សប្បាយ​រីករាយ និង​ទុក្ខ​សោក​ផង​ទាំង​ឡាយ​ ដែល​បណ្តាល​មក​ពី​ស្នេហា។ អ្នក​និពន្ធ​បាន​ធ្វើការ​ប្រៀប​ធៀប​អំពី​ភាព​សប្បាយ​រីករាយ​និង​ទុក្ខ​សោក ដោយ​ប្រើ​ពណ៌​របស់​ធម្មជាតិ និង​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​របស់​​​ស្នេហា​ ដែល​រួម​មាន ព្រះ​​ពាយ និង​ព្រះ​គង្គារ ជា​ដើម។  

ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ Vicky Leandros បាន​ច្រៀង​បទ L' Amour Est Bleu ឡើង​វិញ​ជា​ភាសា​អង់គ្លេស អាល្លឺ​ម៉ង់ អ៊ីតាលី និង​ហូ​ឡង់។​​ នៅ​សហ​រដ្ឋ​អាមេរិក​ឯ​ណោះ នៅ​ឆ្នាំ ១៩៦៨ អ្នក​ចម្រៀង​ម្នាក់​ឈ្មោះ Al Martino បាន​ច្រៀង​បទ​នេះ​ជា​ភាសា​អង់​គ្លេស មាន​ចំណង​ជើង​ថា Love Is Blue

ជា​បន្ត​បន្ទាប់​បទ​ចម្រៀង L' Amour Est Bleu បាន​ល្បី​រន្ទឺ​ដល់​ទ្វីប​អាស៊ី ​។ ចន្លោះ​ពី​ឆ្នាំ ១៩៦៨ រហូត​មក​ដល់​ឆ្នាំ ១៩៧៤ អ្នក​ចម្រៀង​ចិន​ជា​ច្រើន​នាក់​បាន​យក​បទ​នេះ ទៅ​ច្រៀង​ជា​ភាសា​ជាតិ​របស់​ខ្លួន។ ឯ​ទំនុក​ច្រៀង​ត្រូវ​បាន​និពន្ធ​ឡើង​ផ្សេងៗ​គ្នា​ដែរ។

នៅ​ដើម​ទស​វត្សរ៍​ឆ្នាំ ១៩៧០ បទ​ចម្រៀង L' Amour Est Bleu ត្រូវ​បាន​ច្រៀង​ជា​ភាសា​ឥណ្ឌា ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឥណ្ឌា​រឿង Chitti Chellulu ។ បទ​នោះ​មាន​​ចំណង​ជើង​ថា Ee reyi teeyanidi

ដោយ​សារ​បទ L' Amour Est Bleu ជា​បទ​ចម្រៀង​ដែល​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក ដូច្នេះ​ហើយ បទ​ចម្រៀង​នេះ​ក៏​មាន​ឥទ្ធិពល​មក​ដល់​កម្ពុជា​ដែរ។ ផលិត​ករ​ខ្មែរ បាន​ផលិត​បទ​ចម្រៀង​នេះ​ជា​ភាសា​ខ្មែរ ដោយ​និពន្ធ​ទំនុក​ច្រៀង​ថ្មី ហើយ​ប្រគល់​តួ​នាទីបំពេរ​​អារម្មណ៍​មិត្ត​អ្នក​ស្តាប់​ទៅ​ឱ្យ​លោក ស៊ីន ស៊ីសាមុត។ បទ​នេះ​មាន​ចំណង​ជើង​ថា "ចាំពៅ​វិល​វិញ"។

L' Amour Est Bleu គឺ​ជា​បទ​ចម្រៀង​ដែល​លក់​ដាច់​ជាង​គេ​បង្អស់ និង​ត្រូវ​បាន​ច្រៀង​ឡើង​​​​វិញ​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​យក​ទៅ​ប្រឡង​នៅ ​​​      Eurovision Song Contest។ បទ​ចម្រៀង​ទាំង​នោះ​ត្រូវ​បាន​ច្រៀង​ជាភាសា​អេស្ប៉ាញ  ភាសា​ស៊ុយ​​អែត ភាសា​យូហ្គោ​ស្លាវី ភាសា​ហុងហ្គ្រី ភាសា​ជប៉ុន ភាសា​វៀតណាម ជា​ដើម។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បទ L' Amour Est Bleu ​នៅ​តែ​ពេញ​និយម ហើយ​ត្រូវ​បាន​ផលិត​និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;