Roger Federer ឈ្នះពានរង្វាន់នៅអាល្លឺម៉ង់ បង្កើតកំណត់ត្រាថ្មីមួយ
- 2017-06-26 04:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roger Federer ឈ្នះពានរង្វាន់នៅអាល្លឺម៉ង់ បង្កើតកំណត់ត្រាថ្មីមួយ
ចន្លោះមិនឃើញ
Roger Federer បានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សំខាន់ Wimbledon បន្ទាប់ពីឈ្នះពានរង្វាន់ Gerry Weber Open នៅទីក្រុង Halle ប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ ជ័យជម្នះនេះ បានធ្វើឲ្យកីឡាករវាយកូនបាល់លំដាប់ពិភពលោករូបនេះ ឈ្នះពាន Gerry Weber Open ជាលើកទី៩ ក្នុងអាជីពរបស់ខ្លួន។
កីឡាករសញ្ជាតិស្វីសដដែល បានផ្ដួលគូប្រកួត Alexander Zverev អាយុ ២០ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ ដោយពិន្ទុ ៦-១ និង ៦-៣ និងប្រើថេរវេលាចំនួន ៥៣នាទី។
ពានរង្វាន់នេះ ប្រៀបដូចជាពានកម្ដៅសាច់ដុំមួយរបស់កីឡាករវ័យ ៣៥ឆ្នាំ Federer ដែលត្រៀមខ្លួនដើម្បីដណ្ដើមពានរង្វាន់ក្នុងកម្មវិធីធំ Wimbledon ដែលចាប់ផ្ដើមនាថ្ងៃទី៣ ខែកក្កដា ខាងមុខនេះ។ រូបគេធ្លាប់គ្រងជើងឯកនេះ ចំនួន ៧លើករួចមកហើយ។
មុនលើកពាន Gerry Weber Open ម្សិលមិញ Roger Federer បានឆ្លងកាត់កីឡាករ Yuichi Sugita របស់ជប៉ុនក្នុងវគ្គ ១ភាគ១៦, ឈ្នះ Mischa Zverev មកពីអាល្លឺម៉ង់នៅវគ្គ ១ភាគ៨, ឈ្នះ Florian Mayer របស់អាល្លឺម៉ង់នៅវគ្គ ១ភាគ៤ និងឈ្នះ Karen Khachanov សញ្ជាតិរុស្ស៊ីនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕