រដ្ឋបាលរាជធានី គ្រោងសាងសង់ស្ពានអាកាស នៅច្រមុះជ្រូកក្បាលថ្នល់
- 2017-09-08 09:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលរាជធានី គ្រោងសាងសង់ស្ពានអាកាស នៅច្រមុះជ្រូកក្បាលថ្នល់
ចន្លោះមិនឃើញ
ស្ពានអាកាស១កន្លែងទៀត គ្រោងនឹងសាងសង់នៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងសាលារាជធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុនOCICនិងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំបានលើកឡើងពីកាត់បន្ថយការស្ថាបនាស្ពាន២ខ្សែ នៅស្ពានអាកាសក្បាលថ្នល់ ពោលគឺនៅរក្សាតែស្ពានបន្ថែមមួយខ្សែប៉ុណ្ណោះ ដោយរត់ពីផ្លូវព្រះមុនីវង្សឡើងទៅផ្លូវព្រះនរោត្តម។ ការកាត់បន្ថយនេះ គឺ ដោយសារតែការដោះស្រាយផលប៉ះពាល់ មានចំនួនទឹកប្រាក់ច្រើនលើសលប់ពេក រហូតដល់រាប់លានដុល្លារ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់វិញ។
លោកបន្ថែមថា គម្រោងនេះ រដ្ឋបាលរាជធានី បានសិក្សារួចហើយ ពោលគឺនៅតែសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ក្រោយពីមានការសម្រេចពីរាជរដ្ឋាភិបាលហើយនោះ នឹងចាប់ផ្តើមបើកការដ្ឋានតែម្តង។ ក្រោយការស្ថាបនាស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់នេះរួច នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍ នៅតំបន់នេះបានយ៉ាងរលូនជាក់ជាមិនខាន៕