តំបន់​ទេសចរណ៍ ៤កន្លែង នៅខេត្ត​កំពត ដែល​ភ្ញៀវ​តែង​ទៅលេង​កម្សាន្ត

  • 2017-09-19 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​កំពត មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាច្រើន ហើយ​ក៏ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏ធំ​មួយ ដែល​ភ្ញៀវ​ភាគច្រើន មិន​សូវ​មើល​រំលង​ខេត្ត​មួយ​នេះឡើយ។ ក្នុង​នោះ​តំបន់​ទេសចរណ៍សំខាន់ៗ ដែល​ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅលេង​កម្សាន្ត​រួមមាន៖

១. ទឹកឈូ

កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោក អ្នក នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​។

២. ភ្នំ​បូកគោ

ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ បុរី​បូកគោ​មាន​កម្ពស់​១០៧៥​ម៉ែត្រ ដែល​មាន​អាកាសធាតុ​អំណោយផល និង​ទេសភាព​ដ៏​ត្រកាល​។ ដើមឈើ​ធំៗ​ដែល​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ ទឹកជ្រោះ និង​ព្រៃភ្នំ​ក្រំ​ថ្ម​គិរី​បុព្វ​តា​ដែល​មាន​សត្វ​ម្រឹគី​ម្រឹគា​​និង​បក្សាបក្សី​ជាច្រើន គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ដល់​អ្នកទេសច​រ​។ នៅ​ពេល​ឡើង​ដល់​កំពូលភ្នំ អ្នកទេសចរ​អាច​មើលឃើញ​ក្រុង​កំពត ឆ្នេរ​កែប ខេត្ត​ព្រះសីហនុ និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ស្រ​ងាត់​​។

៣. ភ្នំ​កំពង់ត្រាច

បើ​គេធ្វើ​ដំណើរ​ចាក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​​៣ ចុះ​​ទៅ​​​បណ្ដោយ​ផ្លូវ​​ជាតិ ៣៣ មិន​យូរ​ប៉ុន្មាន​នឹង​ដល់​​ប្រជុំជន​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។ បត់​ស្តាំ​តាម​ផ្លូវ​លំ​សម្បូរ​ជង្ហុក​​ធំ​ៗដែល​មាន​​លំនៅឋាន​​អ្នកភូមិខ្លះប្រកបរបរ​កិន​ថ្ម​​ ២​ទៅ​៣​គីឡូម៉ែត្រ​ទៀត​ នឹង​ទៅ​ដល់​​​ភ្នំ​កំពង់​ត្រាច ដែល​​​​​សម្បូរ​ដោយ​​ច្រាំងថ្ម​ដុះ​​ជ្រោង​ឡើង​​លើ​​ យ៉ាង​មហិមា​​​​ ដែល​​មាន​ទិដ្ឋភាព​អំណោយផល​ដល់​ការ​ថត​ភាពយន្តនានា។

៤. ទំនប់​ម្លិច

នៅ​ស្រុក ជុំ​គិរី ​គឺ​​​ប្រមាណ​​៩០​គីឡូម៉ែត្រ​ពី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៣ ទំនប់​ម្លិច បាន​​ក្លាយ​ជា​តំបន់​លម្ហែ​ថ្មី​មួយ​ទៀត​ នៅ​តំបន់​ចន្លោះ​ខេត្ត​តាកែវ​និង​ កំពត។  ​ពី​អតីតកាល ខ្មែរ​ក្រហម​បាន​​បង្ខំ​ឲ្យ​​ប្រជាជន​ខ្មែរ​សាង​សង​ទំនប់​ទឹក​ល្ហល្ហេវ​​​​នេះ​ឡើង​ដើម្បី​បម្រើ​​កសិកម្ម​នា​អំឡុង​ឆ្នាំ​១៩៧៧​​​។ ប៉ុន្តែ​អាង​ទឹក​​ជាប់​អតីត​កាល​ជូរចត់​ ឥឡូវ​បាន​​ប្រែជា​​ទី​សប្បាយ​​សម្រាប់​ប្រជាជន​ខ្មែរ។ ​អាង​ទឹក​សាប​ថ្លា​ឆ្លុះ​ ​​បាន​​ព័ទ្ធ​ដោយ​​សម្រស់​បៃ​តង​ស្រស់​​​នៃ​ព្រៃ​ភ្នំ​ដ៏​ត្រកាល៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;