មូលនិធិ Real Madrid សហការ​​បង្កើត​សាលា​សង្គម​កីឡា​ ជួយកុមារ​នៅ​កម្ពុជា

  • 2017-09-13 08:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មូលនិធិ Real Madrid ដែល​ជា​ស្ថាប័ន​មនុស្ស​ធម៌​អន្តរជាតិ បាន​សហការ​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ដើម្បី​សម្របសម្រួល​គម្រោង​សាលារៀន​សង្គម​កីឡា Smart-PSE-RMF ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំណាលគ្នា​នឹង​ទីលាន​បាល់ទាត់​ស្មៅ​សិប្បនិម្មិត​របស់ក្រុមហ៊ុន ដែល​មាន​ទំហំ​ខ្នាត​អន្តរជាតិ ថ្មី​សន្លាង នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។

ព្រឹត្តិការណ៍​នេះ មាន​ការ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​លោកស្រី Rosa Roncal ប្រធាន​មូលនិធិ Real Madrid និង​លោក លន់ បូរិទ្ធី អគ្គនាយក​អង្គការ PSE។

លោកស្រី Rosa Roncal បាន​ឲ្យដឹង​ថា «គោលដៅ​រួម​គឺ​មាន​ភាព​ច្បាស់លាស់​ណាស់ គឺ​កីឡា បំណិន​ជីវិត និង​ការ​អភិវឌ្ឍន៍​សង្គម។ សាលារៀន​សង្គម​កីឡា​នេះ មិន​ត្រឹមតែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ដែល​មក​ពី​អង្គការ PSE ដើម្បី​បាន​លេង និង​រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រូ​បង្វឹក ដែល​ត្រូវ​ផ្ដល់​ការ​ហ្វឹកហ្វឺន​ស្រប​តាម​បទដ្ឋាន​លំដាប់​ពិភពលោក​ផងដែរ»

កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ៦ ដល់ ១៧​ឆ្នាំ ទាំង​ពីរ​ភេទ នឹង​មាន​ឱកាស​ក្នុង​ការ​ចូលរួម​ការ​ហ្វឹកហាត់ និង​សិក្សា​ដោយ​មិន​បង់​ថ្លៃ​សិក្សា​ឡើយ។ ការ​ជ្រើសរើស​សម្រាប់​ការ​ទទួល​យក​មក​បណ្ដុះបណ្ដាល គឺ​មិន​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ផ្នែក​អត្តពលកម្ម​នោះ​ទេ ប៉ុន្តែ​គឺ​ផ្អែក​លើ​ការ​ផ្ដល់​អាទិភាព​លើ​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​លំបាក។

សូម​បញ្ជាក់​ថា សាលារៀន​សង្គម​កីឡា​នេះ ស្ថិត​នៅ​អគារ​លេខ ៤០២ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;