គ.ជ.ប ប្រាប់ពី​មូលហេតុ​ដែលអ្នក​មក​ចុះ​ឈ្មោះបោះ​ឆ្នោត មាន​ចំនួន​តិច

  • 2017-09-14 09:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹកថ្ងៃ​ទី១៤កញ្ញា​ថា មូលហេតុ​ដែលអ្នក​មកចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិច ដោយសារ​តែ​ប្រជាពលរដ្ឋ ធ្វើ​ចំណាក​ស្រុក និង​ការ​ផ្លាស់ប្តូរ​ទីលំនៅ​ជាដើម។ ចំនួន​ប្រជាពលរដ្ឋ មកចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី រយៈពេល ១៣ ថ្ងៃ ត្រឹមតែ ៨៥៩៧៩​នាក់ ដែលត្រូវ​ជា ៥,២៩% គឺជា​ចំនួន​តិចតួច។

លោក ទេព នីថា បន្តថា «មូល​ហេតុ​មួយទៀត ​គឺអាច​​មកពី​ទម្លាប់​មួយ​របស់​ប្រជាពលរដ្ឋ ដោយ​ទាល់តែ​ជិត​ដល់ថ្ងៃ​ផុត​កំណត់ ទើប​ពួកគាត់​សម្រុក​ទៅ​ចុះឈ្មោះ​បោះឆ្នោត ហើយ​អ្នកខ្លះ អាចចាំ​ដល់​ក្រុម​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ចល័ត​ទៅចុះ​ឈ្មោះ នៅតាម​ភូមិ ជិតផ្ទះ​របស់​គាត់ ទើប​ពួកគាត់​នាំគ្នា​ទៅ​ចុះឈ្មោះ​ក៏អាច​ថាបាន»។

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប
ចំណែក​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​លើកឡើង​ថា គ.ជ.ប មិនមាន​ការ​ព្រួយបារម្ភ​អ្វីទេ ចំពោះ​ចំនួន​អ្នកទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​តិចតួច នា​រយៈពេល ១៣​ថ្ងៃនេះ ព្រោះការ​ចុះឈ្មោះ​បោះឆ្នោត មិនមែន គ.ជ.ប ទើបតែ​ធ្វើ ២ឆ្នាំ​នេះទេ គឺ​កន្លង​មក ឲ្យតែ​មុន​បុណ្យ​ភ្ជុំបិណ្ឌ ឬក៏​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ នៅពេល​ពួកគាត់​ទៅលេង​ផ្ទះ​នៅ​ស្រុក​កំណើត រួចក៏​ទៅ​ចុះឈ្មោះ​បោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប

គ.ជ.ប បាន​ដំណើរការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ចាប់ពី​ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ គ.ជ.ប ប៉ាន់ស្មាន​ថា មាន​ប្រជាពលរដ្ឋ ដែលត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន ១,៦លាន​នាក់ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ ដែលមាន​អាយុ ១៨​ឆ្នាំឡើង​ទៅ សរុប ៩,៨លាន​នាក់។ រីឯ​ចំនួន​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ៧,៨លាន​នាក់៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;