អភិបាល​​ខេត្ត​ព្រះ​សីហនុ៖ លំហូរ​ចូល​ខ្លាំង​នៃ​​ជន​ជាតិ​​ចិន គឺជា​រឿង​​វិជ្ជមាន​​

  • 2017-09-29 07:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​ខេត្ត​ព្រះសីហនុ លោក ​យន្ត មីន បាន​និយាយ​ថា​លោក​មាន​ភាព​វិជ្ជមាន​ចំពោះ​លំហូរ​ចូល​ខ្លាំង​នៃ​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ។ លោកថា​ នេះ​ជាអ្វី​ដែល​លោក​បាន​ខិតខំ​កន្លង​មក​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ទេសចរ​ទាំង​នោះ ឲ្យ​មក​កាន់​ខេត្ត​​ព្រះសីហនុ។

លោក​យន្ត មីន បាន​និយាយ​ថា ជនជាតិ​ចិនមក​ខេត្ត​ព្រះសីហនុ ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ គឺ​ច្បាប់​វិនិយោគ ស្រប​តាម​​គោល​នយោបាយ​ ដែល​យើង​អំពាវនាវ​​ឲ្យ​គេ​ចូល​មក​ឲ្យ​បាន​ច្រើន​ កាន់​តែ​ល្អ។ លោកបន្ថែម​ថា៖ “យើង​ចង់​ឲ្យ​តែ​គេ​មក​កាន់​តែ​ច្រើន យើង​នឹង​បាន​ផល​ប្រយោជន៍​ពីគេ។ អ៊ីចឹង​​ចំពោះ​មុខ​ហ្នឹង គឺ​ចិន​ចូល​មក​ច្រើន​ យើង​ឃើញ​ចំនុច​វិជ្ចមាន គឺយើង​ឃើញ​ថា​ប្រជាជន​នៅ​ពេល​នេះ​សឹង​តែ ១០០ភាគរយ បាន​ទទួល​ផល​ពី​ចិន​ តិច​ច្រើន​តាម​សមត្ថភាព”។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ (រូបភាព៖ AKP)
លោកអភិបាល​បាន​អះអាង​ថា ផល​ប្រយោជន៍​ទាំងនោះ​មាន​ដូចជា​៖ "អ្នក​ខ្លះ​គេ​មាន​អូតែល​ជួល ហើយ​អ្នក​ខ្លះ​គេ​បាន​ដីលក់​ដែល​បាន​លុយ​ច្រើន​ផ្ទាល់​តែម្តង។ ឧទាហរណ៍​ថា​ម៉ូតូ​ឌុប​ខ្លះ ក៏បាន​ឌុប​ចិន ហើយ​ខ្លះ​គាត់​អត់​បាន​ឌុប​ចិន តែ​ពេល​ខ្លះ​ក៏ប្រពន្ធ​គាត់​លក់​បន្លែ​នៅ​ផ្សារ​ឲ្យ​ចិន​​ដែរ។ ផល​ប្រយោជន៍​ គឺបាន​មក​ដោយ​ប្រយោល ទាស់​តែអ្នក​ខ្លះ​គេ​មិន​សប្បាយ​ចិត្ត​ត្រង់​ថា​គេបាន​តិច មើល​អត់​ឃើញ”។

ក្នុង​រយ:ពេល​ប្រមាណ​ជា ១ឬ២ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​​ឃើញ​មាន​លំហូរ​ចូល​អ្នក​វិនិយោគ​ចិន និង​ទេសចរ​ជា​ច្រើន។ អ្នក​វិនិយោគ​ទាំងនោះ​បាន​ផ្តោត​លើ​វិស័យ​អចលនទ្រព្យ និង​បើក​កាស៊ីណូស្ទើរ​តែ​ពេញ​ក្រុង​កំពង់សោម។

កម្មករ​ចិន កំពុង​សាងសង់​កាស៊ីណូ

ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន​ដ៏​ច្រើន​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តព្រះសីហនុ មាន​ការ​ព្រួយបារម្ភ​ពី​មុខរបរ​របស់​ខ្លួន។

អ្នក​រត់ម៉ូតូ​កង់បី​ឈ្មោះសែម គីរី បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ពីព្រោះ​ចិន​មិន​សូវ​ប្រើ​សេវាកម្ម​របស់​ខ្មែរទេ។ បុរស​វ័យ ៤៩ឆ្នាំ ដែល​តែង​ចត​ម៉ូតូ​កង់បី​រង់ចាំ​ម៉ូយ​នៅ​មុខ​កាស៊ីណូ​ចិនមួយ​កន្លែង បាន​និយាយ​ថា៖ “ចិន​ច្រើន​ណាស់។ បើ​និយាយ​ពី​អារម្មណ៍​ពេល​ខ្លះ​គឺ​តានតឹង។ ដូច​​ពេល​ខ្លះ វា​មិន​ឲ្យ​យើង​ចត​ទេ​ កន្លែង​ហ្នឹង ខ្ញុំ​រត់​កង់បី ១០ឆ្នាំ​ជាង​ហើយ”។

ចំណែក​លោក កេត ពេជ្រ ដែល​ជា​អ្នក​រត់តាក់ស៊ី​ បាន​ត្អូញត្អែរ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​ថា៖ "បើសិន​បន្តិច​ទៀត ពួក​គេ (ចិន) ដាក់​តាក់ស៊ី​ម៉ែត្រ​មក​ទៀត គឺ​ពួកខ្ញុំចប់បណ្ដោយ"។ ការ​ព្រួយ​បារម្ភ​នេះ គឺ​ដោយសារ​គេ​សង្កេត​ឃើញ​ជនជាតិ​ចិន បាន​បង្កើត​របរ​រកស៊ី​ ដើម្បី​ទាក់ទាញ​អតិថិជន​ជា​ជនជាតិ​ចិនដូចគ្នា ដូចជា​កន្លែង​កាត់សក់​ចិន ផ្សារ​ទំនើប​ចិនជាដើម។ ពលរដ្ឋ​ព្រួយ​បារម្ភ​ថា​ថ្ងៃ​មុខ​ ជនជាតិ​ចិន​នឹង​យក​សេវាកម្ម​ផ្សេង​ទៀត មក​ខេត្ត​ព្រះសីហនុ ដែល​នឹង​ប៉ះពាល់​ដល់​អ្នក​រកស៊ី​ក្នុង​ស្រុក៕

អត្ថបទ៖​​ ជ័យ ​ជំនោរ

អត្ថបទថ្មី
;