រដ្ឋមន្រ្ដី​ការបរទេស​កម្ពុជា-សិង្ហបុរី ចុះ MoU ស្ដីពី​ការ​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ

  • 2017-10-17 06:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ការបរទេសនៃ​ប្រទេស​​កម្ពុជា និង​សិង្ហបុរី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្ដីពី​ការពិគ្រោះ​យោបល់​ផ្នែក​នយោបាយ។ ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ បាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក Vivian Balakrishnan រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី១៧ តុលា​នេះ។

លោកប្រាក់ សុខុន រដ្ឋមន្រ្ដី​ការបរទេស​កម្ពុជា និង​លោក Vivian Balakrishnan រដ្ឋមន្រ្ដី​ការបរទេស​សិង្ហបុរី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ MoU កាលពី​ព្រឹកមិញ
លោក​ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បាន​ឲ្យ​ដឹង​ថា MoU នេះ នឹង​ជួយ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច ជា​ការ​ពិភាក្សា និង​ការ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​គ្នា​រវាង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​បញ្ហា​រួម​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ពង្រឹង​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

ក្រសួង​ការបរទេស​បាន​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំងពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ១៩៦៥ ប្រទេស​ទាំងពីរ​មាន​កិច្ចសហ​ប្រតិបត្តិការ​ល្អ​ប្រសើរ ដូច​ដែល​បាន​ឃើញ​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់ និង​កំណើន​ពាណិជ្ជកម្ម​ទៅវិញ​ទៅមក​ប្រចាំ​ឆ្នាំ គួរឲ្យ​កត់​សម្គាល់។

ដំណើរ​ទស្សនកិច្ច​របស់​លោក Vivian Balakrishnan នៅ​កម្ពុជា មាន​រយៈពេល ២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់ ១៨ ខែ​តុលា ឆ្នាំ២០១៧ តប​តាម​ការ​អញ្ជើញ​របស់លោក​ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​ Vivian នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅ​ប្រាសាទ​ទេវាវិនិច្ឆ័យ នៃ​ព្រះបរមរាជវាំង ក៏​ដូច​ជា​ចូលជួប​សម្ដែង​ការ​គួរសម​ជាមួយ​សម្តេច​​នាយករដ្ឋ​មន្រ្ដី​ហ៊ុន សែន​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;