យោធា​ស៊ីមបាវ៉េ ឡើងកាន់​អំណាច​ភ្លាម ចាប់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​តែម្តង

  • 2017-11-15 07:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ២០១៧​នេះ យោធា​ស៊ីមបាវ៉េ បន្ទាប់​ពី​ក្តោបក្តាប់​អំណាច​ភ្លាម ក៏បាន​ចាប់​ឃុំ​ខ្លួន​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​លោក Ignatius Chombo តែម្តង។ ការ​ចាប់ខ្លួន​ទាំង​បង្ខំ​បែបនេះ គឺក្នុង​គោលបំណង​ជីក​ឬសគល់​ក្រុម​ឧក្រិដ្ឋជន ដែល​នៅជុំវិញ​ខ្លួន​លោក​ប្រធានាធិបតី Robert Mugabe ដោយ​ក្រុម​យោធា​អះអាង​ថា បាន​ធ្វើឲ្យ​រងគ្រោះ​ដល់​សង្គម និង​សេដ្ឋកិច្ច។ នេះ​បើតាម​មន្ត្រីរដ្ឋាភិបាល​១រូប ដែល​បាន​​ទម្លាយ​ឲ្យដឹង។

លោក Ignatius Chombo រដ្ឋមន្រ្តីហិរញ្ញវត្ថុស៊ីមបាវ៉េ
មេបញ្ជាការ​យោធា​ផ្នែក​ភស្តុភា លោក SB Moyo បានថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ (ZBC) ក្រោយ​កាន់​កាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ថា ស្ថានភាព​ប្រទេស​ស៊ីមបាវ៉េ បាន​ឈាន​ដល់​កម្រិត​១ទៀត។ សកម្មភាព​យោធា​នេះ មិន​មែន​ជា​រដ្ឋប្រហារ​ប្រឆាំង​នឹង​លោក Robert Mugabe ទេ ហើយ​គ្រួសារ​របស់​មេដឹកនាំ​រូប​នេះ ស្ថិត​ក្រោម​ការ​ការពារ​សុវត្ថិភាព និង​ធានា​សន្តិសុខ​ជាប់​ជា​និច្ច។
លោក SB Moyo មេបញ្ជាការ​យោធា​ផ្នែក​ភស្តុភា ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ZBC ក្រោយកាន់កាប់អំណាច

មេបញ្ជាការ​រូបនេះ អះអាង​ថា៖ «ភ្លាមៗ​នៅពេល​ដែល​យើង​បញ្ចប់​បេសកកម្ម​របស់​យើង យើង​រំពឹង​ថា​ស្ថានភាព​នឹង​វិលទៅ​រក​ភាព​ប្រក្រតី​វិញ»។ លោកក៏​បាន​ជំរុញ​ឲ្យ​ប្រជាជន​ស៊ីមបាវ៉េ រក្សា​ភាព​ស្ងប់ស្ងាត់​ផងដែរ។ ចំណែក​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​ណែនាំ​ឲ្យ​រក្សា​ការ​អត់​ធ្មត់ ចៀស​វាង​កើត​អំពើ​ហិង្សា​ណា​មួយ។

ប្រធានាធិបតីស៊ីមបាវេ លោក Robert Mugabe

យ៉ាងណាមិញ បើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ Twitter របស់​គណបក្ស​កាន់​អំណាច Zanu-PF បាន​ឲ្យដឹង​ថា លោក Mugabe ត្រូវបាន​ចាប់​ឃុំខ្លួន​ផងដែរ ហើយថា​នេះ​មិនមែន​ជា​រដ្ឋប្រហារ​ទេ គឺជា​ការផ្ទេរ​អំណាច​ដោយ​មិន​បង្ហូរ​ឈាម៕

ប្រភព៖ Bangkokpost | telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;