ក្រសួង​មហាផ្ទៃ ស្នើឲ្យ​រតនាគារជាតិ បង្កក​ប្រាក់ខែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មកពី​បក្ស​សង្គ្រោះ​ជាតិ

  • 2017-11-17 06:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល នៃ​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ទៅ​អគ្គ​នាយក​ដ្ឋាន​រតនាគារជាតិ ​បង្កកប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែជូន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះជាតិ។ ការ​ស្នើបង្កក​ប្រាក់​ឧបត្ថម្ភ​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

យោងតាម​លិខិត​របស់​លោក​ប្រាក់ សំអឿន អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​នេះ បាន​ជម្រាប​ជូន​ទៅអគ្គ​នាយក​ដ្ឋាន​រតនាគារជាតិ​ថា តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​គណបក្ស​សង្គ្រោះជាតិ តាម​រយៈ​សាល​ដីកាចុះ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

លិខិត​នោះ​ឲ្យដឹង​ថា ផ្អែក​តាម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ករណី​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រំលាយ​ដោយ​តុលាការ នោះ​បញ្ជី​បេក្ខជននិង​សមាជិកក្រុម​ប្រឹក្សា​ទាំងអស់ នៃ​គណបក្ស​សង្គ្រោះជាតិ លែង​មាន​សុពលភាព និង​លែង​មាន​គុណ​សម្បត្តិទៅទៀត​ហើយ។ ហេតុ​នេះ​ក្រសួង​មហាផ្ទៃ​ស្នើ​សុំ​បង្កក​បើក​ប្រាក់​ខែ​ឧបត្ថម្ភប្រចាំ​ខែ​ជូន​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ តទៅ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;