អាជ្ញាធរ​ជាតិ​អប្សរា ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​មន្ទីរ​បេតិកភណ្ឌ​ខេត្ត​សានទុង លើ​តំបន់​អង្គរ និង​ក្រុង Jinging

  • 2017-11-17 13:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង់ ពៅ អគ្គ​នាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ហត្ថលេខា​ជាមួយ តំណាង​មន្ទីរ​បេតិកភណ្ឌ​ខេត្ត​សានទុង លើការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​វប្បធម៌ និង​បេតិកភណ្ឌ​ក្រុង Jining និង​តំបន់​អង្គរ កាលពី​ថ្ងៃទី១៦​ខែ​វិច្ឆិកា។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៧​វិច្ឆិកា​នេះ។

លោកស្រី Wang Lei ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប បាន​បង្ហាញ​ពី​សក្តានុពល​នៅ​ខេត្ត​សានទុង​ថា ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លំដាប់​ទី៣ និងជា​ខេត្ត​មាន​ប្រជាជន​ច្រើន​លំដាប់​ទី២​ក្នុង​ប្រទេស។ បើ​និយាយ​ពី​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​នៅ​ខេត្ត​នេះ គឺមាន​តាំង​ពី៨ពាន់​ឆ្នាំមុន​មក​ម្ល៉េះ ដោយ​មាន​សំណេរ​ឯកសារ និង​ការ​ស្រាវជ្រាវ​ពី​បុរាណ​វិទូ​ច្បាស់លាស់។

លោកស្រី Wang Lei ប្រធានមន្ទីរ​បេតិកភណ្ឌ​ខេត្ត​សានទុង

លោក​ស្រី​បន្ថែមថា លើសពី​នោះ​ទៀត អ្វីដែល​ល្បីល្បាញ​ជាងគេ​នៅខេត្ត​នេះ គឺជា​ស្រុក​កំណើត​របស់​ទស្សនវិទូ ខុងជឺ និងមាន​តំបន់​ទេសចរណ៍​ល្បីល្បាញ​ជាច្រើន​ដូចជា ភ្នំ​ថៃសាន មហា​កំពែង ដែល​សុទ្ធតែ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និងមាន​ឆ្នេរសមុទ្រ​ជាង ៣ពាន់​គីឡូម៉ែត​វែង​ជាងគេ។ ក្នុងនោះ​មាន​បេតិកភណ្ឌ​វប្បធម៌​ចំនួន ១៩៧​ដែល​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ចិន និង​រមណីយដ្ឋាន​វប្បធម៌ និង​អភិរក្ស ១៧៩១​កន្លែង​ដែលបាន​ទទួល​ស្គាល់​ដោយ​ខេត្ត​សានទុង​ថែមទៀត។

មហាកំពែងចិន

លោកស្រី Wang Lei រំពឹង​ថា ខេត្ត​សានទុង​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ក្នុងការ​ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង២ ដែលមាន​តាំងពី​យូរ​អង្វែង​មកហើយ។ ពិសេស​ផ្តល់​ឱកាស​សហការ​គ្នា​ជា​បន្ត​ទៀត​ទៅ​អនាគត​កាន់តែ​ប្រសើរ​ឡើង​រវាង​ក្រុង Jining និង​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ផ្នែក​គ្រប់គ្រង​វប្បធម៌​ទេសចរណ៍។

លោក ហង់ ពៅ ក៏បាន​លើកឡើង​ថា នេះជាការ​ចាប់ផ្តើម​ដ៏ល្អ​នៃ​ទំនាក់ទំនង​នៃ​ស្ថាប័ន​ទាំង២ លើ​ផ្នែក​មិត្តភាព​និង​ការងារ​គ្រប់គ្រង ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌។ លោក​បន្ត​ទៀត​ថា បើទោះ​បី​អង្គរ​ទើបមាន​ប្រវត្តិ​ជាង៣ពាន់​ឆ្នាំ តែក៏​ជា​អាណាចក្រ​ដ៏ល្បី​ល្បាញ​កាលពី​អតីតកាល មាន​ប្រាង្គ​ប្រាសាទ​ជាង ៦០០ នៅ​ពាសពេញ​ខេត្ត​សៀមរាប រួមទាំង​វប្បធម៌​អរូបី​ជាច្រើន​ដែល​ទទួលបាន​ការ​យកចិត្ត​ទុកដាក់ ថែរក្សា​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ និង​អាជ្ញាធរ​ជាតិ​អប្សរា។

លោក ហង់ ពៅ អគ្គ​នាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​តំបន់​អង្គរ​មាន​កិច្ច​សហការ​អន្តរជាតិ​ជួសជុស​ប្រាសាទ​ ជាមួយ​១៤​ប្រទេស និង​២៥​គម្រោង ក្នុងនោះ​ក៏មាន​ប្រទេស​ចិន​ផងដែរ​ ដែល​បាន​ជួសជុល​ប្រាសាទ​ចំនួន​២ គឺ​ប្រាសាទ​តាកែវ និង​ចៅសាយ​ទេវតា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;