លោក ដូណាល់ ត្រាំ រង​ការ​រិះគន់​យ៉ាងច្រើន ក្រោយ​ប្រកាស​ក្រុង​យេរូសាឡឹម ជា​រដ្ឋធានី​អ៊ីស្រាអែល

  • 2017-12-07 02:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ទទួល​ស្គាល់​ក្រុង​យេរ៉ូសាឡឹម ជា​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល​នោះ បាន​ទទួល​រងការ​រិះគន់​យ៉ាង​ច្រើន រួមទាំង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទៀត​ផង ដូចជា​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សម្តេច​ប៉ាប និង​ប្រទេស​ចិន​ផងដែរ។

លោក Antonio Guterres អគ្គលេខា​ធិការ UN បាន​រិះគន់​ថា ការ​ប្រកាស​ទទួល​ស្គាល់​បែបនេះ នឹង​បំផ្លាញ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ដើម្បី​ដោះស្រាយ​បញ្ហា គឺ​តម្រូវ​ឲ្យ​ភាគី​ទាំង២​នេះ ចរចា​គ្នា​ដោយ​ផ្ទាល់ ដោយ​ផ្អែកលើ​សេចក្តី​សម្រេច​របស់ UN។

លោកស្រី​ឯកអគ្គរដ្ឋទូត​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប Federica Mogherini បាន​បង្ហាញ​ក្តី​បារម្ភ​ថា ការ​ទទួលស្គាល់​នេះ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិភាព។ គោលជំហរ​របស់​សហភាព​អឺរ៉ុប ចង់ឲ្យ​ក្រុង​យេរ៉ូសាឡឹម ជា​រដ្ឋធានី​១ របស់​រដ្ឋ​ចំនួន​២ គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ជនជាតិប៉ាឡេស្ទីន ដុតរូបលោក ដូណាល់ ត្រាំ

ចំណែក​មេដឹកនាំ​បុរី វ៉ាទីកង់ សម្តេច​ប៉ាប ក៏បាន​បញ្ចេញ​ក្តី​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នេះ​ផងដែរ។ សម្តេច​ប៉ាប បាន​ចាត់ទុក​យេរ៉ូសាឡឹម ជាក្រុង​ដ៏​ពិសិដ្ឋ​តែ១​គត់ សម្រាប់​ជនជាតិ​ជ្វិស គ្រិស្តសាសនិក និង​ជន​មូស្លីម។

មេដឹកនាំ​អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី សុទ្ធតែ​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះការ​ប្រកាស​ទទួល​ស្គាល់​របស់​លោក ដូណាល់ ត្រាំ។ មេដឹកនាំ​ទាំង​នោះ បាន​បន្ត​ជំរុញឲ្យ អ៊ីស្រាអែល-ប៉ាឡេស្ទីន ដោះស្រាយ​ជម្លោះ​ដោយ​ទ្វេភាគី។

រីឯ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang បាន​រិះគន់​ថា ការ​ប្រកាស​របស់​លោក ដូណាល់ ត្រាំ នឹង​បង្ក​ឲ្យមាន​ភាព​តានតឹង​នៅក្នុង​តំបន់​នោះ។ បញ្ហាក្រុង​យេរ៉ូសាឡឹម ជារឿង​ដ៏ស្​មុគស្មាញ និង​រសើប។ ភាគី​ទាំងអស់ គួរតែ​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​សន្តិភាព ចៀសវាង​ការ​បែងចែក​ថ្មី​ណាមួយ​ក្នុង​តំបន់​នោះ៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;